(ក្រុងតូរីន)៖ ក្រុមសេះបង្កង់ Juventus បានស្គល់រសជាតិចាញ់លើកដំបូងក្របខណ្ឌកំពូលអ៊ីតាលី Serie A រដូវកាល ឆ្នាំ២០១៨-២០១៩ ដោយពួកគេបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Genoa ក្នុងលទ្ធផល ០-២ ខណៈកីឡាករសំខាន់ Cristiano Ronaldo ត្រូវបានទុកឲ្យសម្រាក ក្នុងសប្តាហ៍ទី២៨ ជើងទី២។

Juventus បានកាន់កំណត់ត្រាលេងមិនចាញ់រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ កាលពីរដូវកាលមុន ដែលពួកគេមិនអាចរកពិន្ទុបាននៅក្នុងផ្ទះរបស់ Genoa នារាត្រីថ្ងៃអាទិត្យសប្តាហ៍មុនមកនៅត្រឹម ១៨ពិន្ទុនាំមុខកំពូលតារាង ខណៈក្រុមពពកស Napoli ដែលឈរនៅលេខ២ កំពុងដេញតាមពីក្រោយដែលបានយកឈ្នះក្រុមភ្ញៀវ Udinese ៤-២ យប់មិញនេះដែរ។

កីឡាករវ័យ៣៣ឆ្នាំ Cristiano Ronaldo ត្រូវបានទុកឲ្យសម្រាក ក្រោយពេលរូបគេរកបាន ៣គ្រាប់ជួយ Juventus វាយបកយកជ័យជម្នះទៅលើក្រុមអេស្ប៉ាញ Atletico Madrid ៣-២ ទាំងពីរជើង ដើម្បីឡើងទៅវគ្គ ៨ក្រុមនៃ UEFA Champions League ដែលត្រូវប៉ះ Ajax របស់ហូឡង់ ក្នុងនាមជាក្រុមអ៊ីតាលីតែមួយគត់ដែលឡើងមកដល់វគ្គនេះ៕