(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានឡើងទៅឈរនៅកំពូលតារាងនៃ Premier League គិតត្រឹមសប្តាហ៍ទី៣១ ជើងទី១ ដោយមាន ៧៦ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ Fulham ២-១ នារាត្រីថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដោយនៅសល់ ៧ប្រកួតទៀតបិទរដូវកាល។

ក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ រដូវកាលមុន Liverpool បានបន្តនាំមុខក្រុមការពារតំណែងជើងឯក Man City ដែលមាន ៧៤ពិន្ទុ តែនៅសល់ ១ប្រកួតក្នុងដៃគិតត្រឹមសប្តាហ៍ទី៣១ ក្នុងខណៈដែលកីឡាករស្បែកខ្មៅ Sadio Mane រកបានគ្រាប់ទី១ នៅនាទីទី២៦ ពីការបញ្ជូនរបស់មិត្តរួមក្រុម Roberto Firmino មុនពេលកីឡាករអង់គ្លេស James Milner ដែលត្រូវបានប្តរចូលវគ្គទី២ ទាត់បាល់ប៉េណាល់ទីបានសម្រេចនៅនាទីទី៨១ និង១គ្រាប់របស់ម្ចាស់ផ្ទះ Fulham រកបានដោយកីឡាករ Ryan Babel នៅនាទី៧៤ ដែលបានធ្វើឡើងនៅកីឡដ្ឋាន Craven Cottage។

ដូចគ្នានោះដែរ ក្រុមដែលបានទើបឡើងមកលេងនៅ Premier League រដូវកាលឆ្នាំ២០១៨-២០១៩ នេះ Fulham នៅបន្តស្ថិតក្នុងតំបន់កាត់ចោលដដែល ដោយទើបរកបាន ១៧ពិន្ទុក្នុងចំណោម ៣១ប្រកួតរបស់ពួកគេ នាំមុខក្រុមបាត តារាង Hudderfield Town ចំនួន ៣ពិន្ទុដែលកំពុងប្រឈមនឹងកាត់ចេញទៅលេងក្នុងក្របខណ្ឌ Championship ខ្ពស់ដដែលនារដូវកាលក្រោយនេះ៕