(ភ្នំពេញ)៖ ក្រុមបឹងកេតអែហ្វស៊ី បានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពញក្រោន ក្នុងលទ្ធផលបច្ចេកទេស ៣-២ ដើម្បីទទួលបាន ៣ពិន្ទុដំបូងនៅថ្ងៃបើកឆាកនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ប្រចាំសប្តាហ៍ទី១ នៅលើទីលាន RSN។

ជំនួបរវាងក្រុមធំទាំងពីរពិតជាស្វិតស្វាញខ្លាំង ខណៈតង់ទី១ ក្រុម ម្ចាស់ផ្ទះភ្នំពេញក្រោនបាននាំមុន១គ្រាប់មុន ពីការធ្វើបានសម្រេចដោយកីឡាករ Paulo Victor នៅនាទីទី៨ ដោយជិតចប់តង់ទី១ ទៅហើយ បឹងកេតតាមបានស្មើវិញនៅនាទី៤១ ដោយបាល់ចូលទីខ្លួនឯងរបស់កីឡាករ យ៉ើ សាហ្វី។

លុះចូលដល់វគ្គទី២ នៃការប្រកួត បឹងកេត រកបាន ២គ្រាប់បន្ថែមទៀត ដោយកីឡាករ CARRASCOSA MUNOZ ANGEL ទាត់បញ្ជូលទីនៅនាទីទី៥៣ និង លី មីហ្សាន ស៊ុតបញ្ចូលទទីនៅនាទីទី៦២ ហើយភ្នំពេញក្រោនបានបន្ថែមគ្រាប់ចុងក្រោយ ១គ្រាប់ដោយកីឡាករ នៅ សុខសិលា នៅនាទីទី៧៤ និងបញ្ចប់ការប្រកួតក្នុងលទ្ធផល ៣-២។

អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៣សម័យកាល បឹងកេតអែហ្វស៊ី បានយកឈ្នះ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន នៅក្នុងលទ្ធផល ៣-២ និងទទួលបាន៣ពិន្ទុ ប្រចាំសប្តាហ៍ទី១ នៃវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩៕