(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មានអាស្រូវ​ស្នេហា រវាង​តារាសម្ដែង​រូបស្រស់ នៅ សូនីតា​ និងអ្នកដឹកនាំ​អ្នកផលិតកម្មវិធី ទូរទស្សន៍ដ៏ល្បី គឺលោក ទិត្យ ថារិទ្ធ ថាបានបង្កាត់ភ្លើងស្នេហ៍រួមគ្នា រហូតឈានដល់​ការរស់នៅ ក្រោមដំបូលផ្ទះ​តែមួយអស់រយៈពេល​មួយរយៈធំ ពេលនេះ​ស្រាប់តែ នៅ សូនីតា បានធ្វើការបញ្ជាក់​ថា ​នាងនិងលោក ទិត្យ ថាវរិទ្ធ គឺបាន រៀបការរួចរាល់ហើយ ដោយបច្ចុប្បន្ន នាងកំពុងពរពោះកូនដំបូង ដែលជាដំណក់​ឈាមរួមគ្នា ទៀតផង​។

អ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ខ្លាំងនោះ គឺថ្មីៗនេះ តារាសម្ដែងស្រី នៅ សូនីតា បានបង្ហើបដំណឹងនេះ ឲ្យមហាជនបានដឹង ដោយនាងបាន​សរសេរ​រៀបរាប់ ​បង្ហាញ​ពី​អារម្មណ៍ ​សប្បាយ​រីករាយ ដែល​បាន​ឈាន​ដល់​ដំណាក់​កាល ​ធ្វើ​ជា​ម្ដាយ​របស់​គេ និង​បាន​បង្ហើប​ទៀត​ថា គភ៌​ក្នុង​ផ្ទៃរបស់​នាង បាន​ឈាន​ដល់អាយុ៤ខែ និង​៨​ថ្ងៃ​ហើយ​ ខណៈកូន​ទី​១​របស់​នាងជាមួយ​លោក ថាវរិទ្ធ គឺ​ជា​កូន​ប្រុស។

ជាមួយគ្នានេះ យោងតាមប្រភពច្បាស់ការពី អ្នកសិល្បៈដូចគ្នា បានប្រាប់ឲ្យដឹងថា កន្លង​មក​​ នៅ សូនីតា មិន​បាន​ធ្វើ​អ្វី​ខុស​ឆ្គង នឹង​ប្រពៃណី​នោះ​ទេ ព្រោះ​ថា​ពួកនាងទាំងពីរ បាន​រៀបការតាមប្រពៃណី ​នឹង​គ្នា​រួច​ហើយ ដោយគ្រាន់តែ​​ធ្វើ​មិន​សូវជាធំ​ដុំអ្វីនោះទេ គឺគ្រាន់តែត្រឹម​ជួប​ជុំ​សាច់​ញាតិ ​ចាស់​ទុំ​ទាំង​សងខាង​ដឹង​ឮ កុំឲ្យមេបាកាច់ ហើយ​មាន​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ ​តិចតួចតែប៉ុណ្ណោះចូលរួម។

គួរបញ្ជាក់ថា នៅ សូនីតា និងលោក ទិត្យ ថាវរិទ្ធ បានមានទំនាក់ទំនងស្នេហាជាមួយគ្នា អស់រយៈពេលយូរមកហើយ​ ប៉ុន្តែភាគីទាំងសងខាង មិនបានចេញមុខមកបញ្ជាក់អ្វីឡើយ ពោលគឺស្ងប់ស្ងាត់តែម្ដង។ តែរហូតមកទល់ពេលនេះ គឺមានការបញ្ជាក់យ៉ាងច្បាស់ហើយថា នាង និងលោក ទិត្យ ថវារិទ្ធ គឺពិតជាមានទំនាក់ទំនងយ៉ាងស៊ី​ជម្រៅ រហូតបានរៀបការរួចរាល់ និងកំពុងពរពោះកូនប្រុសក្នុង​ផ្ទៃទៀតផង៕