(បរទេស)៖ រូបគំនូរជាច្រើនកំពុង ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យទៅទស្សនាផ្ទាល់ ខណៈរូបទាំងនោះ ប្រៀបបាននឹងរូបភាពពិតប្រាកដតែម្តង ដោយគ្រាន់តែមើលទៅ ហាក់បីដូចជាមានភាពរស់រវើក និងមានជីវិតអ៊ឹចឹង ប៉ុន្តែតាមពិតទៅ វាគ្រាន់តែជាសិល្បៈគំនូរដ៏អស្ចារ្យ របស់វិចិត្រករល្បីឈ្មោះ Teresa Elliott ប៉ុណ្ណោះ។ មិនថារូបគំនូរប្រភេទណានោះទេ ឱ្យតែជាស្នាដៃរបស់ Teresa Elliott គឺត្រូវបានមហាជនគ្រប់ទិសទី ស្ញើញសរសើរមិនដាច់ពីមាត់ ពេលបានទស្សនាហើយ។ ដោយហេតុនេះ ទើបធ្វើឱ្យវិចិត្រករ Teresa Elliott មានឈ្មោះល្បីរន្ទឺក្នុងពិភពអ្នកគូរគំនូរបានល្អដាច់គេ រហូតលោកស្រី ទទួលពានរង្វាន់តាមរយៈស្នាដៃទាំងនោះ កាលពីអំឡុងឆ្នាំ ២០០៩-២០១០។

ជាការពិត ស្នាដៃគំនូរប្រេងរបស់ លោកស្រី Teresa Elliott ភាគច្រើន គឺមានការគូររូបសព្វព្រៃសឹងតែគ្រប់ប្រភេទទៅហើយ និងរូបមនុស្សប្រុសស្រីផ្សេង ដោយគំនូរទាំងនោះ មើលទៅប្រៀបបាននឹង រូបដែលផ្តិតចេញពី Camera អ៊ឹចឹង តែតាមពិតទៅគឺជា ការគូរដោយដៃទាំងស្រុង។ បើនិយាយឱ្យចំ ទាំងរូបលើផ្ទៃខ្លួនសព្វ និងទេសភាព គឺមានការសម្រឹតសម្រាំងខ្ពស់ ដែលធ្វើឱ្យការសម្រេចបានរូបមួយៗ មានភាពល្អឥតខ្ចោះតែម្តង។ សិល្បៈនៃការឆ្នៃប្រឌិត ព្រមទាំងស្នាដៃដ៏វិសេសនេះ ត្រូវបានមហាជនរាប់ពាន់នាក់ ជាពិសេសមនុស្សជំនាន់ក្រោយ ដែលពួកគេមាននិយមលើផ្នែកគំនូរ បានសិក្សាស្វែងយល់ពីលោកស្រី និងយកគំរូតាម ទាំងស្នាដៃ និងភាពអំណត់ ក្នុងការតាំងចិត្តគូរ ពីមួយរូបទៅមួយរូប។

លោកស្រី Teresa Elliott ត្រូវបានគេដឹងថា បានបញ្ចប់ការសិក្សាផ្នែក សិល្បៈគំនូរនៅសាកលវិទ្យាល័យ Kansas ( The University Of Kansas)។ បច្ចុប្បន្ន លោកស្រី គឺជាវិចិត្រករជនជាតិអាមេរិកម្នាក់ ដែលរស់នៅ និងធ្វើការក្នុងស្ទូឌីយោវាលខ្សាច់មួយកន្លែង នាភាគខាងជើងនៃឧទ្យានជាតិ Big Bend ក្នុងតំបន់ Alpine រដ្ឋ Texas។ សព្វថ្ងៃនេះ លោកស្រី ត្រូវបានគេស្គាល់ច្បាស់ តាមរយៈរូបគំនូរសត្វពាហនៈ និងរូបគំនូររូបចម្លាក់អស្ចារ្យជាច្រើន ដែលបង្ហាញពីសម្រស់ធម្មជាតិ៕