(មេនឆេស្ទើ)៖ ក្រុមជើងឯកអង់គ្លេស មេឃខៀវ Manchester City បានកក់កៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន រង្វាន់លីគអឺរ៉ុប UEFA Champions League បន្ទាប់ពីទម្លាក់គូប្រជែងរបស់អាល្លឺម៉ង់ Schalke 04 ក្នុងលទ្ធផល ១០-២ ទាំងពីរជើង ខណៈបន្ថែម ៧-០ ទៀតយប់មិញបញ្ចប់ជើងទី២ នៃវគ្គ១៦ក្រុមចុងក្រោយ។

ម្ចាស់ជើងឯកពាន Premier League រដូវកាលមុនមួយនេះ បានក្លាយជាក្រុមអង់គ្លេសទី៣ ដែលបានឈ្នះកៅអីឡើង ទៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពី Tottenham Hotspur ដែលបានយកឈ្នះក្រុម Borussia Dortmund របស់អាល្លឺម៉ង់ និងបិសាចក្រហម Manchester United ដែលបានយកឈ្នះក្រុមបារាំង Paris Saint-Germain ខណៈ Liverpool ត្រូវតតាំងទល់នឹងម្ចាស់ផ្ទះ Bayern Munich បញ្ចប់ជើងទី២ នារាត្រីនេះ។

កីឡាករខ្សែប្រយុទ្ធ Sergio Aguero រកបាន ២គ្រាប់ម្នាក់ឯងក្នុងចំណោម ៧គ្រាប់ជ័យជម្នះយប់មិញនេះនៅនាទី៣៥ ដោយបាល់ប៉េណាល់ទី និងគ្រាប់ទី២ នៅនាទី៣៨ ដែលជាគ្រាប់ការរកបានគ្រាប់ទី៥ ក្នុងក្របខណ្ឌ UEFA Champions League នារដូវកាលនេះ។

City ក៏បានយកឈ្នះម្ចាស់ផ្ទះអាល្លឹម៉ង់ Schalke 04 ក្នុងលទ្ធផល ៣-២ ផងដែរកាលពីជើងទី១ ក្នុងខណៈដែលពួកគេ បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយកាលរដូវកាលមុន ក្រោមថ្វីជើងរបស់អង់គ្លេសដូចគ្នា ហង្សក្រហម Liverpool៕