(ភ្នំពេញ)៖ ភាពយន្ដកីឡាដំបូងគេនៅកម្ពុជា រឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» បានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅរោងកុនផ្សារទំនើបអ៊ីអនទី១ ក្រោយប្រើពេលផលិតជិត ២ឆ្នាំ និងចំណាយអស់ប្រមាណ ៣០ម៉ឺនដុល្លារ។ ពិធីសម្ពោធនេះបានធ្វើឡើង ក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ភាពយន្ដនេះ បានឆ្លុះបញ្ចាំងពីជីវិតតស៊ូជាក់ស្ដែងរបស់គ្រួសារកីឡាការិនី និ សំណាង ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៣ ដែលជាការសម្រេចក្ដីសុបិនរបស់ឪពុកខ្លួន តាមរយៈការលេងកីឡាចំបាប់។ រីឯតួអង្គចូលរួមសម្ដែង សុទ្ធសឹងតែអ្នកកីឡា និងអ្នកពាក់ព័ន្ធ មិនមានតារាអាជីពចូលរួមនោះទេ តែលោករំពឹងយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ នឹងគាំទ្រខ្សែភាពបោកចំបាប់នេះ ព្រោះជាភាពយន្ដបែបឯកសារ និងបង្គ្រប់ដោយអត្ថន័យអប់រំជាច្រើនក្នុងសាច់រឿង។

អគ្គលេខាធិការ NOCC រូបនេះ «នេះគឺជាភាពយន្ដកីឡាដំបូងរបស់កម្ពុជា ដោយលើកយកជីវិតពិតរបស់លោក នុត និ ឪពុកបង្កើតរបស់ និ សំណាង មកថតជារឿង។ លោក នុត និ ជាកីឡាករចំបាប់ជម្រើសជាតិ កាលពីទសវត្សរ៍ទី៦០ តែដោយមិនទាន់សម្រេចក្ដីស្រសុបិនដណ្ដើមមេដាយជូនជាតិ ព្រោះភ្លើងសង្គ្រាម និងត្រូវពិការភ្នែកម្ខាង លោកបានរក្សាក្ដីសុបិន ដោយប្ដេជ្ញាបង្ហាត់កូនៗខ្លួនឲ្យបន្ដវេន ហើយទីបំផុសលោកបានសម្រេចក៏បានក្ដីបំណង បន្ទាប់ពីកូនស្រីទី៤ គឺ និ សំណាង ដណ្ដើមបានមេដាយមាសស៊ីហ្គេមកាលពីឆ្នាំ២០១៣»

ឆ្លៀតក្នុងឱកាសនោះតួអង្គសំខាន់ក្នុងរឿង គឺលោកស្រី និ សំណាង បានបង្ហាញអារម្មណ៍អួលដើមករ ស្ទើរស្រក់ទឹកភ្នែកជាថ្មី ក្រោយភាពយន្ដពាក់ព័ន្ធនឹងគ្រួសាររបស់ខ្លួនត្រូវបានសម្ពោធផ្លូវការ។ សំណាង បានសម្ដែងការសប្បាយចិត្ត ពេលរឿងបោកចំបាប់ បានដាក់បញ្ចាំងតាមរោងកុនទូទាំងប្រទេស តែអ្វីដែលធ្វើឲ្យនាងអួលដើមករ គឺបន្ទាប់ពីនាង និយាយដល់ចំណុច ខ្លួនគឺជាក្ដីសុបិនចុងក្រោយរបស់ឪពុក ដោយដណ្ដើមបានមេដាយមាសជូនជាតិក្នុងនាមជាកូនស្រី ស្របពេលបងប្រុស ២នាក់ មិនអាចសម្រេចបំណងឪពុកឡើយ ព្រោះមិនចូលចិត្តលេងកីឡា។

គួរបញ្ជាក់ថា រឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» គឺដឹកនាំផលិតដោយលោក Manish Sharma សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបានចំណាយអស់ថវិកាប្រមាណ ៣០ម៉ឺនដុល្លារឯណោះ។ បន្ទាប់ពីសម្ពោធដាក់បញ្ចាំងយប់មិញ ភាពយន្ដនេះ នឹងត្រូវដាក់បញ្ចាំងតាមរោងកុនធំៗទូទាំងប្រទេសនៅថ្ងៃបន្ទាប់ ហើយតាមគម្រោង ៣ខែក្រោយដាក់បញ្ចាំងនៅកម្ពុជា អ្នកដឹកនាំរឿងនេះ មានគម្រោងនាំយករឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» នេះទៅដាក់បញ្ចាំងនៅសិង្ហបុរី ឥណ្ឌូនេស៊ី ឡាវ និងប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ាន និងបន្ដផ្សព្វផ្សាយទៅកាន់ប្រទេសនៅអឺរ៉ុបនាពេលខាងមុខផងដែរ៕