(ភ្នំពេញ)៖ លោក អ៊ឹម ជីវ៉ា ជាថ្មីម្តងទៀត បានចេញមុខទទូចស្នើដល់ព្រះរាជអជ្ញាខេត្តកោះកុង ឲ្យជួយសម្រួលលើករណីរថយន្តរបស់ខ្លួន ដែលបានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់កាលពីអំឡុងពេលពិធីបុណ្យសមុទ្រ។ ខណៈដែលរថយន្តរបស់លោក​ត្រូវបានអ្នកស៊ីឈ្នួលសណ្តោន បើកឲ្យក្រឡាប់ខូចខាតស្ទើរទាំងស្រុងនិងស្លាប់តៃតុង។

ដោយសារមិនអស់ចិត្តនូវការពន្យាពេលរបស់មន្រ្តីតុលាការខេត្តកោះកុង ដែលគិតមកទល់ពេលនេះមានរយៈពេលប្រមាណ ៤ខែមកហើយនោះ លោក អ៊ឹម ជីវ៉ា បានបញ្ចេញសារដោយទទួចថា សូមជួយ Share មួយផង! តើសម្តេចតេជោ ហ៊ុន សែន ពិតជាធ្វើឲ្យពួកគាត់រវល់ដល់ថ្នាក់និងមែនទេ? ព្រោះខល (ហៅទូរស័ព្ទ) ទៅម្តងណា ពួកគាត់ថាប្រជុំ រវល់ជាប់រៀបចំជូនសម្តេចតេជោ ហ៊ុនសែនរហូត..។

លោក អ៊ឹម ជីវ៉ា បញ្ជាក់ថា រយៈពេល ៤ខែហើយ ឡានដ៏អភ័ព្វមួយនេះជាប់នៅអធិការស្រុកស្រែអំបិល ខេត្តកោះកុង ដដែល ខ្ញុំពិតជាមានការអស់សង្ឃឹមខ្លាំងណាស់។ ខលម្តងណាពួកគាត់ថា ព្រះរាជអជ្ញាទាំងពីរគាត់ឆ្លើយថា រវល់រហូត ព្រះរាជអជ្ញារងឆ្លើយទៅព្រះរាជអជ្ញាកោះកុង ខ្ញុំរង់ចាំ៤ខែហើយ គ្រាន់តែឡើងចុះជួលឡានគេមិនតិចជា ១០ ទៅ ២០ដងទេ ឯចំណាយក៏អស់ច្រើនដែរ តែប៉ូលិសប្រាប់ថា ថ្ងៃនេះថ្ងៃនោះរហូតមេជាប់ចេះជាប់ចុះ។

លោកបានបញ្ជាក់ទៀតថា បញ្ហាភាគីគ្រោះថ្នាក់ទាំងសងខាងបានចរចាបញ្ចប់រឿងនេះហើយ នៅឡើយនៅតែរងចាំខាងប៉ូលិស និងព្រះរាជអជ្ញាដោះស្រាយទេ តែរងចាំជិត៤ខែហើយ គាត់ប្រាប់ថា រវល់ចេះរវល់ចុះនេះនោះរហូត… ហើយលោកពូស្នងការខេត្តកោះកុង គាត់ក៏សញ្ញ៉េឲ្យរួចរាល់ហើយ នៅតែព្រះរាជអជ្ញាទេ៕