(ថៃ)៖ បើទស្សនិកជននៅចាំមិនភ្លេច កាលពីអំឡុងខែមករា ដើមឆ្នាំ ២០១៩ គូស្នេហ៍របស់កញ្ញា ម៉ាលី គឺលោក Chris Tophe បានទទួលមរណភាព ដែលធ្វើឱ្យពិធីមង្គលការរបស់នាង ត្រូវបានរំសាយ។ ជាមួយគ្នានេះ មិនថាអ្នកសិល្បៈរួមអាជីព ឬក្រុមគ្រួសារសាច់ញាតិនៃសព មានទុក្ខជាទម្ងន់នោះទេ សូម្បីតែ ម៉ាលី ផ្ទាល់ ក៏ត្រូវបានគេមើលឃើញថាឈឺចិត្តយ៉ាងខ្លាំងទៀតផង។ យ៉ាងណាមិ​ញ បន្ទាប់ពីសំងំក្នុងបន្ទប់គេងអស់រយៈពេលច្រើនខែរួចមក ថ្មីៗនេះ នាងបានទម្លាយរូបភាពដំបូង បង្ហាញពីភាពសប្បាយរីករាយរបស់នាង ក្រោយគូស្នេហ៍បណ្តូលចិត្តលាចាកលោកចោល។

​តួអង្គ​នាង ម៉ាលី ក្នុងរឿង «​បុព្វេសន្និវាស​» ដែលមានឈ្មោះដើមថា Susira Angelina ត្រូវបានអ្នកជិតស្និតអះអាងថា នាងបា​នសំងំ​ឈឺចាប់​នៅក្នុង​បន្ទប់​តែម្នាក់ឯង​មិនសូវ​និយាយស្ដី មិន​ចេញ​ជួប​អ្នកណាទាំងអស់ ក្រោយមរណភាព​របស់​គូ​ដណ្ដឹង។ ក្នុងនោះសូម្បីតែ ក្នុងបណ្តាញសង្គម ក៏តារា​ស្រី Susira មិនដែល​បង្ហោះ​រូបថត​រីករាយ​របស់ខ្លួន​ដូច​កាលពីពេល​កន្លងទៅ​ឡើយ។ ខណៈសកម្មភាពទាំងនេះ ហាក់ធ្វើឱ្យទស្សនិកជន អ្នកមិត្តៗសិល្បៈ មានការព្រួយបារម្ភជាខ្លាំង តែយ៉ាងណាស្នាមញញឹមជាលើកដំបូងរបស់នាង ក៏បានបញ្ចេញឡើង តាមរយៈបង្ហាញរូបភាពសប្បាយរីករាយ អំឡុងពេល​ទៅ​លំហែកាយ​នៅ​សមុទ្រជាលើកដំបូង ដោយសកម្មភាពនេះ បានធ្វើឱ្យអ្នកគាំទ្ររីករាយ និងមិនសូវបារម្ភពីនាងដូចមុននោះទេ ។

តាមរយៈបង្ហោះរូបភាព នាតំបន់មាត់សមុត្រនេះ តារា​ថៃ Susira រៀបរាប់ថា នាង​ពិតជា​អរគុណ​ខ្លាំងណាស់​ចំពោះ​ក្ដី​ស្រឡាញ់ និង ការគាំទ្រ​របស់​មនុស្សជុំវិញខ្លួន​កន្លងមក ។ មាន Comments ជាច្រើន​ពី​អ្នកគាំទ្រ​ទៅលើ​រូបថត​របស់​តារា​ស្រី Susira ដែល​ភាគច្រើន​សុទ្ធតែ​ជួយ​លើកទឹកចិត្ត​នាង​ឱ្យ​ប្រឹងប្រែង​រឹងមាំ​ឡើងវិញ ។​

​គួរ​រំឭក​ផងដែរ​ថា គូ​ដណ្ដឹង​របស់​តារា​ស្រី​ថៃ Susira Angelina ត្រូវបានគេដឹងថា ​ស្លាប់​ដោយសារ​ជំងឺ​បាក់​ទឹកចិត្ត (Depression) ខណៈការស្លាប់នេះ បានធ្វើឱ្យនឹងជាគូដណ្តឹង មានការសោកស្តាយជាខ្លាំង ព្រោះអ្នកទាំងពីរ បានរក្សាចំណងស្នេហារយៈពេល ៧ឆ្នាំមកហើយ។ ទោះយ៉ាងណាមិញ បច្ចុប្បន្ននេះ​ អ្នកគាំទ្រមើលឃើញថា Susira Angelina ទោះមិនទាន់កាត់ចិត្តបានទាំងស្រុងពីគូស្នេហ៍ តែនាងបានធូរស្បើយបន្តិចហើយ បានជាមានអារម្មណ៍ទៅលំហែកាយនៅសមុទ្របែបនេះ៕