(កូរ៉េ)៖ នេះជាលើកដំបូងហើយ ដែល Seungri បានធ្វើការប្រកាសជាសាធារណៈចាប់តាំងពីសមាជិក BIGBANG រូបនេះ កំពុងក្លាយជាជនសង្ស័យម្នាក់ នៅក្នុងហេតុការណ៍ដ៏ចម្រូងចម្រាសនៅក្លឹប Burning Sun ។

នៅថ្ងៃនេះ Seungri បាន បង្ហោះសារលិខិតមួយនៅក្នុងគណនី Instagram ផ្ទាល់ខ្លួន ដោយអរគុណទៅដល់អ្នកគាំទ្រ ដែលបានគាំទ្រលោកអស់រយៈពេល ១០ឆ្នាំមកនេះ ព្រមទាំងបានប្រកាសចូលនិវត្តន៍ពីវិស័យសិល្បៈផងដែរ។

នៅក្នុងសារលិខិតនេះមានខ្លឹមសារថា «ពេលនេះវាហាក់ដូចជាល្អសម្រាប់ខ្ញុំ ក្នុងការចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្ត។ ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ ដោយសារតែភាពចម្រូងចម្រាសដ៏ធំដែលបានកើតឡើង។ ខ្ញុំកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីស។ ក្នុង​អំឡុងពេលមួយខែកន្លះនេះ ខ្ញុំបានទទួលរងការរិះគន់ និងស្អប់ពីសាធារណជន ដែលខ្ញុំមិនអាចទទួលយកការឈឺចាប់ ទៅដល់អ្នកនៅជុំវិញខ្លួននោះទេ»

បន្ទាប់ពីអរគុណដល់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសហើយ Seungri ក៏បានសម្តែងក្តីរីករាយ ដែលបានក្លាយជាសមាជិក BIGBANG និង​ធ្វើការជាមួយ YG ប៉ុន្តែពេលនេះអាជីពរបស់លោកកំពុងបញ្ចប់នៅទីនេះហើយ។

ជាមួយនឹងពាក្យលា Seungri ក៏បានសុំទោស និងអរគុណម្តងទៀតទៅដល់អ្នកគ្រប់គ្នា៕