(មៃអាមី)៖ ជើងខ្លាំងខាងប្រដាល់ក្នុងទ្រុង UFC, Connor McGregor ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅអាមេរិក ក្រោយកីឡាករអៀរឡង់រូបនេះ បានបោកកម្ទេចទូរសព្ទអ្នកគាំទ្រម្នាក់ដែលព្យាយាមថតរូបលោកនៅអំឡុងពេលកំពុង ចាកចេញពីសណ្ឋាគារ Fontainebleau Miami Beach ស្ថិតក្នុងទីក្រុង Miami នាម៉ោង ៥៖២០នាទីព្រឹក (ម៉ោងក្នុងតំបន់)។

យោងតាមរបាយការណ៍របស់ប៉ូលិសប្រចាំតំបន់ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន BBC បានឲ្យដឹងថា «កីឡាករអៀរឡង់ វ័យ៣០ឆ្នាំ McGregor បានរងការចោទប្រកាន់ពីឆក់ប្លន់ និងឧក្រិដ្ឋកម្មបឋមផងដែរ បន្ទាប់ពីរូបគេ បានឆក់ទូរសព្ទអ្នកគាំទ្របោក និងជាន់កម្ទេចចោល ក្នុងខណៈដែលទូរសព្ទរបស់ជនរងគ្រោះមានតម្លៃប្រមាណ ១០០០ដុល្លារសហរដ្ឋអាមេរិកផងនោះ»

អតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ២សម័យកាលរូបនេះបានធ្វើដំណើរមកកាន់រដ្ឋ Florida ស្នាក់នៅទីក្រុង Miami ដើម្បីប្រកួត UFC បន្ទាប់ពី McGregor បានចាញ់កីឡាកររុស្ស៊ី Khabib Nurmagomedov នៅទីនេះដូចគ្នា កាលពីខែតុលា ឆ្នាំ២០១៨ ដែលជា១ប្រកួតចុងក្រោយរបស់គេ ពោលគឺមានរយៈពេល ១ឆ្នាំគត់ បន្ទាប់ពីរូបគេបាន ប្រកួតចាញ់ជើងខ្លាំង Floyd Mayweather លក្ខណៈប្រដាល់សកល ដែលត្រូវបានគេរាយការណ៍មកថា ទទួលបាន ៣០លានដុល្លារ ខណៈម្ចាស់ជ័យជម្នះ Floyd ទទួលបាន ១០០លានដុល្លារ៕