(ភ្នំពេញ)៖ ក្រុមបាល់ទាត់ណាហ្គាវើល នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមភ្ញៀវ Yangon United របស់មីយ៉ាន់ម៉ា នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងជំនួបវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2019 ប្រចាំពូល F។ ចាំមើលតើណាហ្គាវើល អាចដណ្ដើម ៣ពិន្ទុក្នុងដី ដើម្បីស្ដារកេរ្ដិ៍ឈ្មោះខ្លួនឡើងវិញបានទេ?

នេះគឺជាប្រកួតទី២ របស់ក្រុមណាហ្គាវើល ត្បិតកាលពីប្រកួតដំបូង បានរងបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមជើងខ្លាំង Hanoi FC របស់វៀតណាម នៅទីក្រុងហាណូយ ដោយលទ្ធផល ១០-០។ ដោយសារប្រកួតទី១ ណាហ្គាវើល បានជួបលទ្ធផលដ៏អាក្រក់បែបនេះ គ្រូបង្វឹកលោក មាស ចាន់ណា បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួតជាមួយ Yangon United ល្ងាចនេះ នឹងជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុត ដើម្បីស្ដារមុខមាត់ឡើងវិញ។

លោក មាស ចាន់ណា បានថ្លែងក្នុងសន្និសីទមុនការប្រកួត កាលពីល្ងាចមិញថា កាលពីជួបក្រុមជើងឯកលីគកំពូលវៀតណាម Hanoi FC ក្រុមខ្លួនពិតជាមានបញ្ហាខ្លាំង។ បន្ទាប់មកលោកក៏បានរៀបចំក្រុមឡើងវិញ សម្រាប់ការប្រកួតទី២ ដោយត្រូវជួបក្រុម Yangon United ហើយលោករំពឹងថា ការប្រកួតដំបូងក្នុងដីនេះ គឺជាការប្រកួតជក់ចិត្ត និងជាការប្រកួតដ៏សំខាន់ ដើម្បីស្ដារមុខមាត់ និងកិត្តិយសក្លឹបផងដែរ។

សូមបញ្ជាក់ថាថា ក្រុមណាហ្គាវើល និង Yangon United សុទ្ធតែជាក្រុមរងបរាជ័យដូចគ្នា កាលពីប្រកួតដំបូង ក្នុងនោះក្រុមណាហ្គាវើល ចាញ់ក្រុម Hanoi ១០-០ និងក្រុម Yongon United ចាញ់ក្រុមសិង្ហបុរី Tampines Rovers។ ហើយនៅម៉ោងដំណាលគ្នាល្ងាចនេះ ក្រុម Tampines Rovers ក៏ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុម Hanoi ដើម្បីប្រជែងកៅអីកំពូលតារាងផងដែរ ខណៈបច្ចុប្បន្នក្រុមទាំងពីរមាន ៣ពិន្ទុស្មើគ្នា៕