(ភ្នំពេញ)៖ បន្ទាប់ពីមានអារម្មណ៍ក្រៀមក្រំ បាត់បង់ប្អូនស្រីជាទីស្រឡាញ់ និងធ្វើការប្រកាសកាន់ទុក្ខប្អូនស្រីចំនួន ១០០ថ្ងៃ ព្រមទាំងមិនទទួលការច្រៀង ក៏ដូចជាសម្តែងផ្សេងៗ បច្ចុប្បន្នទស្សនិកជនសង្កេតឃើញថា លោកនៅតែមានសម្មភាពលើជំនួញដីធ្លីដដែល មិនបានផ្អាក់ដូចការងារសិល្បៈនោះឡើយ ។ អ្វីដែលពិសេស ថ្មីៗនេះ លោកហាក់មានទឹកមុខញញឹមឡើងវិញបន្តិចហើយ ពេលដឹកដៃភរិយា បានទៅចូលរួមក្នុងពិធីមង្គលការមួយកន្លែង ព្រមទាំងបង្ហាញភាពផ្អែមល្ហែមជាសាធារណៈ ដោយលែងលាក់បាំងភ្នែកមហាជនតទៅទៀតហើយ។

ការលើកឡើងបែបនេះ បន្ទាប់ពីអ្នកលេងបណ្តាញសង្គម បានធ្វើការចែករំលែកនូវរូបភាពនានា ដែលបង្ហោះដោយភរិយារបស់លោក ខេមរៈ សិរីមន្ត ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Phally PM» បានធ្វើការបង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមី ភ្ជាប់ជាមួយសារថា «ខ្នាញ់អូនមែនបង»។ ខណៈរូបភាពនឹងសារទាំងនេះ ត្រូវបានទស្សនិកជនលើកឡើងថា ពេលនេះគ្រួសារលោក ខេមរៈ សិរីមន្ត លែងមានរឿងអ្វីលាក់បាំងទៀតហើយ សូម្បីតែមុខមាត់របស់ភរិយាក៏លោក បានបណ្តើរ បង្ហាញឱ្យមហាជនស្គាល់ ជាសាធារណៈហើយដែរ។ បើទោះបីជាកន្លងទៅ លោកធ្លាប់បង្ហាញមុខភរិយាក្តី តែហាក់បិទបាំង ខណៈលើកនេះ គឺបើកជំហរតែម្តង។

យ៉ាងណាមិញ ទោះបីជាលោកមានស្នាមញញឹមឡើងវិញ ក៏មហាជននៅតែមើលឃើញថា ញញឹមមិនចេញពីចិត្តនោះទេ ខណៈលោកនៅតែមិនទាន់កាន់ចិត្តបានពីប្អូនស្រី ដែលធ្វើការចែកឋានទៅលោកខាងមុខ តែទោះយ៉ាងណា តារាប្រុសរូបនេះ នៅតែប្រឹងញញឹម និងរឹងមាំ ដើម្បីមនុស្សជុំវិញខ្លួន ជាពិសេសក្រុមគ្រួសារលោកទាំងមូលតែម្តង៕