(ភ្នំពេញ)៖ ខណៈដែលកម្មវិធី «Miss Planet International 2019» ដែលមានបវរកញ្ញាជាច្រើនមកពីជុំវិញ ពិភពលោក ចូលរួមដើម្បីធ្វើការប្រកួតប្រជែង ស្វែងម្ចាស់ជ័យលាភី ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះផងដែរ ដើម្បីធ្វើការប្រកួតប្រជែង យកជ័យលាភី កម្ពុជាក៏បានត្រៀម នៅសម្លៀកបំពាក់ តំណាងជាតិ ដែលមានឈ្មោះ «ទេពធិតាមហាសង្រ្កាន្ត» ដែលនឹងត្រូវគ្រងដោយកញ្ញាឯក ភពផែនដីកម្ពុជា រីចំណាន កល្យាណ ជាបវកញ្ញាតំណាងប្រទេស។ ឈុតតំណាងជាតិ ដែលនឹងត្រូវត្រៀម ក្នុងការប្រកួត កម្មវិធី «Miss Planet International 2019» គឺត្រូវបាន​សម្រិតសម្រាំងឡើង យ៉ាងល្អឥតខ្ចោះ និងបានបង្កប់ នូវអត្ថន័យ យ៉ាងជ្រាលជ្រៅ ជាពិសេសនោះ គឺពិតជាស្រស់ស្អាតខ្លាំងតែម្ដង។

ម្យ៉ាងវិញទៀត ឈុតតំណាងជាតិកម្ពុជា «ទេពធិតាមហាសង្រ្កាន្ត» នេះ ច្នៃ ក៏ដូចជាសម្រិតសម្រាំងឡើង ក្នុងគោលបំណង «ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់នាពេលាខាងមុខ»

យោងតាមផេកហ្វេសប៊ុក របស់ Miss Planet Cambodia បានបញ្ជាក់យ៉ាងច្បាស់ ពីអត្ថន័យ ដែលច្នៃឈុតនេះឡើង ពោលគឺ ឈុត​នេះ ត្រូវ​បាន​រចនា​ឡើង​ដូច​ទៅ​នឹង «ទិដ្ឋភាព​នៃ​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​សិរសា​កបិល​មហាព្រហ្ម» ដែល​បាន​រៀបរាប់ ​នៅ​ក្នុង​រឿង​ព្រេង​និទាន​អំពី​ ធម្មបាល​កុមារ និង​កបិល​មហាព្រហ្ម គឺ៖
១. មកុដចេតិយ៖ តំណាងឲ្យ «ភ្នំព្រះសុមេរុ» ដែលទេពធិតាមហាសង្រ្កាន្តហែប្រទក្សិណ ។
២. ក្លស់ បាំងសូរ្យ ចាមរ បៃមន បាំងសែង សែនត្វ័ន ភូតាន វាលវីជនី៖ គឺជាគ្រឿងដង្ហែប្រកបថ្នាក់ខ្ពស់ ដែលខ្មែរបានប្រើប្រាស់សម្រាប់ក្បួនដង្ហែនៅក្នុងព្រះរាជពិធី តាំងអំពីបុរាណរៀងមក។ ការដែលដាក់គ្រឿងដង្ហែនេះសង្ខាង ចំនួន ៧ ក៏យោងទៅតាមជំនឿលោកធាតុវិទ្យាដែលថា «ភ្នំព្រះសុមេរុដែលជាផ្ចិតនៃចក្រវាឡ ត្រូវបានព័ទ្ធជុំវិញដោយជួរភ្នំប្រាំពីរជាន់ និង មហាសាគរប្រាំពីរជាន់» ។
៣. ទេពប្រណម្យទាំងសង្ខាង រួមនិងទេពធិតាមហាសង្រ្កាន្តដែលនៅចំកណ្ដាល តំណាងឲ្យ «សិរីទាំង ៣ ប្រការ» ដែលជាមង្គលនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្មែរ ។
៤. កណ្ដឹង និង ចង្រ្កង់ ដែលបង្កើតជាបទភ្លេង តំណាងឲ្យ ការប្រគំបទភ្លេងនៅព្រះរាជពិធីដង្ហែ ដែលជាទំនៀមរបស់ខ្មែរតាំងអំពីបុរាណ»៕