(ភ្នំពេញ)៖ មានរូបថតគួរអោយចាប់អារម្មណ៏ពេញបណ្ដាញសង្គម ហ្វេសប៊ុក ខណៈដែល ស្ងាត់ៗ តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា បានបង្ហាញរូបថត Pre Wedding ជាមួយគូស្នេហ៍ថ្មី និងត្រៀមខ្លួនចូលរោងជ័យ នាពេលឆាប់ៗនេះ ដោយកន្លងមក អ្នកទាំងពីរ មិនធ្លាប់លេចឮដំណឹង ភ្ជាប់ពាក្យជាមួយគ្នា ពីមុនមកនោះទេ។

គេចាំបានថា ក្រោយពីនាងបានផ្ដាច់ពាក្យ ជាមួយអតីតគូដណ្ដឹង ដែលជាកូនម្ចាស់វង់ល្ខោនបាសាក់ ភី សុគន្ធី លោក ផន រង្សី អស់រយៈយ៉ាងយូររួចមក តារាស្រីវ័យក្មេងរូបនេះ ហាក់បីដូចជា មិនដែលលេចឮព័ត៌មានថា មានទំនាក់ទំនងស្នេហា ជាមួយបុរសណានោះឡើយ ទើបតែមួយរយៈចុងក្រោយនេះ នាងដាច់ចិត្ត ទម្លាយមុខមាត់គូស្នេហ៍ថ្មី ឲ្យមហាជន អ្នកគាំទ្របានស្គាល់ តែមិនបានបញ្ជាក់ថា អ្នកទាំងពីរ និងភ្ជាប់ពាក្យនៅពេលណានោះទេ។

ស្រាប់តែថ្មីៗនេះ កញ្ញា វ៉ាន់ នីឡា បានបង្ហាញរូបថត Pre Wedding ជាមួយគូស្នេហ៍ថ្មី បង្កឲ្យមហាជនភ្ញាក់ផ្អើល ខណៈដែលមិនធ្លាប់លេចឮដំណឹងភ្ជាប់ពាក្យទាល់តែសោះ។ យ៉ាងណាក្ដី មានប្រិយមិត្តទស្សនិកជន អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើន បានចូលរួមសម្ដែងក្ដី រំភើបនឹងរីករាយ ជំនួស នីឡា ដែលនាងបានរកឃើញស្នេហ៍ថ្មី និងបានសម្ដែងការ ជូនពរឲ្យនាងនិងអនាគតស្វាមី មានក្ដីសុខ ជារៀងរហូតផងដែរ។

ដោយឡែក ស្ថិតក្នុងឈុតសម្លៀកបំពាក់ថត Pre Wedding ត្រៀមចូលរោងការ ជាមួយប្រុសស្នេហ៍ថ្មីនេះ នីឡា បានគ្រងឈុតកូនក្រមុំស្រស់ស្អាត និងទន់ភ្លន់ សាកសមជានារីខ្មែរពិតៗតែម្ដង៕