(ភ្នំពេញ)៖ ដោយមើលឃើញពីការអាណិត និងដើម្បីចូលរួមសង្គ្រោះជីវិតក្មេងប្រុសម្នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តធន់ធំបុក បណ្តាលឲ្យរងរបួស និងត្រូវការឈាមជាចំបាច់ដើម្បីសង្គ្រោះជីវិតនោះ តារាសម្តែងស្រីកញ្ញា ស៊ឹម ថៃណា ភ្លាមៗនោះក៏បានសម្រេចច្តិតធ្វើដំណើរពីភ្នំពេញ ទៅចូលរួមបរិច្ចាគឈាមដល់ក្មេងប្រុសខាងលើដល់ខេត្តកំពត។

ការប្រកាសផ្តល់ឈាមពីសំណាក់តារាស្រីកញ្ញា ស៊ឹម ថៃណា នេះដែរ បានធ្វើឲ្យទស្សនិកជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញការគាំទ្រ និងលើកសរសើរខ្លាំង ចំពោះទឹកចិត្តដ៏ល្អក្នុងការចែករំលែកក្តីស្រលាញ់ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ក្មេងប្រុសរងគ្រោះរូបនេះ។ កញ្ញា ស៊ឹម ថៃណា បញ្ជាក់ថា «ករណីគ្រោះថ្នាក់របស់ក្មួយប្រុសដែលពួកខ្ញុំជួយ មិនមែននៅទីក្រុងភ្នំពេញទេ គឺនៅខេត្តកំពត»

តាមរយៈនេះដែរភ្លាមៗនោះក្រុមគ្រួសាររបស់ក្មេងប្រុសរងគ្រោះ ក៏បានបង្ហាញការអរគុណ និងលើកសរសើរខ្លាំងលើទឹកចិត្តកញ្ញា ស៊ឹម ថៃណា «​ពួកយើងខ្ញុំ​ព្រមទាំងក្រុមគ្រួសារ សូមថ្លៃអំណរគុណដល់តារាចម្រៀង និងសម្តែងកញ្ញា ស៊ឹម ថៃណា ដែលបានបរិច្ចាគឈាមជួយដល់ក្មូនប្រុសរបស់ខ្ញុំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍។ សូមឲ្យកញ្ញាជួបតែសំណាងល្អ និងមានអ្នកគាំទ្រកាន់តែច្រើនឡើង»

សូមបញ្ជាក់ថា ការសម្រេចចិត្តដើម្បីបរិច្ចាគឈាម ជួយជីវិតក្មេងប្រុសខាងលើរបស់កញ្ញា ស៊ឹម ថៃណា នេះ បានធ្វើឡើងស្របពេលដែលមានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងការអំពាវនាវស្វែងរកឈាមជួយដល់ក្មេងរងគ្រោះ ដោយសាររថយន្តធន់ធំបុកបណ្តាលឲ្យបាក់ជើងនិងរបួសធ្ងន់៕