(ភ្នំពេញ)៖ កីឡាករខ្សែការពារវ័យក្មេង យ៉ើ សាហ្វី ដែលរកបាន ១គ្រាប់ជូនក្រុមគោព្រៃ U22 កម្ពុជា ក្នុងជំនួបទល់នឹងក្រុមមីយ៉ាន់ម៉ានារាត្រីថ្ងៃទី២០ ខែកុម្ភៈ បានសម្តែងអារម្មណ៍រីករាយ និងបានរំលឹកឈ្មោះលោកគ្រូ ដេន វណ្ណា នៅលើបណ្តាញសង្គមរបស់ខ្លួន។

ក្រោយចប់ការប្រកួតភ្លាម កីឡាកររូបនេះបានបង្ហាញអារម្មណ៍របស់ខ្លួនលើបណ្តាញសង្គមថា «១គ្រាប់ដែលខ្ញុំរកបានថ្ងៃនេះផ្ញើជូនទៅលោកគ្រូរបស់ខ្ញុំ ដេន វណ្ណា ដែលសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ី សូមអោយអល់ឡោះជួយថែរក្សាលោកគ្រូឆាប់ជាពីជំងឺឆាប់ៗផង។ សង្ឃឹមថាលោកបានឃើញសាររបស់ខ្ញុំនឹងសប្បាយចិត្ត និង១គ្រាប់របស់ខ្ញុំថ្ងៃនេះ គឺសម្រាប់អ្នកគាំទ្រកម្ពុជា»

គួរបញ្ជាក់បន្ថែមថា កាលពីម្សិលមិញនេះ ក្រុមគោព្រៃជំទង់កម្ពុជាបានប្រកួតឈ្នះក្រុមមីយ៉ាន់ម៉ាក្នុងលទ្ធផល ២-០ ក្នុងវគ្គចែកពូលនៃពានរង្វាន់ AFF U22 Championship 2019 ដែលធ្វើឲ្យកម្ពុជា បានឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង ដែលត្រូវប៉ះ U22 វៀតណាម ឬក៏ U22 ថៃ ដែលឈរនៅកំពូលតារាងនៃពូល A៕