(ភ្នំពេញ)៖ លោក ហៅ សុជាតិ គ្រូបង្គោលក្លឹបបាល់ទាត់បឹងកេតអែហ្វស៊ី បានបង្ហើបឲ្យដឹងថា ខ្សែការពារ ហុង ផេង នឹងរ៉ាប់រងតួនាទី​ជាប្រធានក្រុមនៅរដូវកាលឆ្នាំ២០១៩ ខាងមុខ។

លោកបានបញ្ជាក់បែបនេះថា «យើងបានជ្រើសរើសរួចហើយនូវប្រធានក្រុមសម្រាប់រដូវកាលថ្មី នោះគឺ ហុង ផេង។ គាត់ជាកីឡាករចាស់វស្សាម្នាក់ក្នុងក្រុម ហើយមានលក្ខណៈជាអ្នកដឹកនាំ។ ទាំងនេះគឺជាគុណសម្បត្តិដែលយើងគិតថា គេអាចធ្វើជាប្រធានក្រុមបាន»

អ្វីដែលសំខាន់ផងនោះ គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលបានសង្កត់ធ្ងន់ថា សមាជិកក្រុមជម្រើសជាតិខាងលើសម្បូរបទពិសោធន៍ និងមានលក្ខណៈជាថ្នាក់ដឹកនាំ។

គួរបញ្ជាក់ផងថា ហុង ផេង បានចូលរួមជាមួយបឹងកេត នៅរដូវកាលឆ្នាំ២០១៥ ក្រោយចំណាយពេល ៤ឆ្នាំ ជាមួយភ្នំពេញក្រោន។ កីឡាករមានប្រភពពីខេត្តសៀមរាប បានរួមចំណែកជួយបឹងកេត ឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៦ និង២០១៧៕