(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចែកផ្លូវជាមួយកីឡាករ ស្រាំង ទិត្យឈី ក្រោយរូបគេបានចូលរួមជាមួយគ្នាតាំងពីក្រុមថ្នាលរហូតមកដល់ក្រុមឈុតធំ។

កីឡាករដែលមានប្រភពមកពីខេត្តស្ទឹងត្រែងរូបនេះ បានសម្រេចចិត្តចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយនឹងហេតុផលផ្ទាល់ខ្លួនមួយចំនួន និងដោយមានការព្រមព្រៀងគ្នា ក្នុងការបញ្ចប់កិច្ចសន្យាជាមួយក្លឹបភ្នំពេញក្រោនជាស្ថាពរ។

យ៉ាងណាក៏ដោយ ឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន បានសម្រេចមិនលើកបង្ហាញមូលហេតុទាំងនោះឡើយ ហេតុនេះ សូមសាធារណជនជា ពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន មេត្តាយោគយល់ដោយក្តីអនុគ្រោះ។

ជាមួយគ្នានេះ ក្លឹបសូមថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ ស្រាំង ទិត្យឈី ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក ក៏ដូចជាសូមជូនពររូបគេ ទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគតផងដែរ៕