(ប៉ារីស)៖ លោក Karl Lagerfeld ដែលត្រូវបានគេស្គាល់ថា ជាអ្នកច្នៃម៉ូដ Chanel ដ៏ល្បីលើពិភពលោក បានទទួលមរណភាព កាលពីថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅអាយុ ៨៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

លោក Karl Lagerfeld បានបង្កើតម៉ូដ និង ក្លាយជាអ្នកច្នៃប្រឌិតម៉ូដ Chanel តាំងពីឆ្នាំ ១៩៨៣ មកម្ល៉េះ។ អ្នករចនាម៉ូដ និង ជាអ្នកច្នៃប្រឌិត ម៉ាក Chanel លោក Karl Lagerfeld ត្រូវបានគេរាយការណ៍ថា ធ្លាក់ខ្លួនឈឺ មួយរយៈពេល ទទួលមរណភាពនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩។ លោក ត្រូវបានអញ្ជ់ញចូលរួមកម្មវិធី នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩ ប៉ុន្តែត្រូវអាក់ខាន ដោយសារតែមានបញ្ហាសុខភាព។

សូមជម្រាបថា អតីតអ្នកច្នៃប្រឌិត និង ជាអ្នករចនាម៉ូដ លោក Karl Lagerfeld បានកើតនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៣៣ នៅក្នុង ទីក្រុង Hamburg ប្រទេសអាឡឺម៉ង់ ហើយលោកបានទទួលមរណភាពនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

លោកបានបន្សល់នូវស្នាដៃសិល្បៈជាច្រើនដូចជា ការបង្កើតម៉ូដ Chanel ជាមួយនឹងកម្មវិធីដើរបង្ហាញម៉ូដ «Carnegie Hall» និងច្នៃម៉ូដសម្លៀកបំពាក់ រួមជាមួយរបស់របរប្រើប្រាស់ជាច្រើនរបស់ស្រី្ដ ដូចជាកាបូប រ៉ូប ឈុតសម្លៀកបំពាក់ជាដើម។ ចំណែកឯការដាក់បង្ហាញ មានដូចជានៅសារៈមន្ទីរ Röhsska សារមន្ទីរសិល្បៈ នៅ Boston និង សារមន្ទីរនៅ Metropolitan។ ចំពោះខ្សែភាពយន្ត​ដែលលោកបានចូលរួមសម្ដែង មានដូចជា «Totally Spies» និង «The First Monday in May» ជាដើម៕