(កូរ៉េ)៖ ប៉ូលីសកំពុងពិចារណាបើកការស៊ើបអង្កេតលើ Seungri តារាប្រុសវ័យក្មេងរបស់ BIGBANG ដែលលោកនៅតែជាប់ពាក់ព័ន្ធនឹងក្លឹបកម្សាន្ត «Burning Sun» នៅឡើយ ទោះបីជា Seungri បានលាលែងតំណែងជាអ្នកមើលការខុសត្រូវទៅហើយក្តី។ អ្នកតំណាងម្នាក់បាននិយាយថា «យើងកំពុងពិចារណាបើកការស៊ើបអង្កេតលើ Seungri ព្រោះតារាប្រុសរូបនេះមានឈ្មោះ ជានាយកប្រតិបត្តិរបស់ក្លឹបនៅពេលនោះ។ យើងមាន​គម្រោងបន្ថែមការស៊ើបអង្កេតលើក្លឹបកម្សាន្តជាច្រើនទៀត នៅក្នុងតំបន់ Gangnam រួមទាំងអ្នកគ្រប់គ្រង និងអ្នកប្រតិបត្តិការទាំងអស់នៅទីនោះដែរ»

ម៉្យាងទៀត បុគ្គលិករបស់ «Burning Sun» កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដើម្បីកំណត់ ថាតើពួកគេបានលក់ថ្នាំដោយរបៀបណាដល់អតិថិជននៅក្លឹប ព្រោះមានម្នាក់ក្នុងចំណោមបុគ្គលិកជាច្រើន ត្រូវបានគេរកឃើញថា ចែកចាយថ្នាំខុសច្បាប់ ហើយប៉ូលីសកំពុងសាកសួរ Cho ពីរបៀបដែលគេបានចែកចាយថ្នាំញៀននៅទីនោះ។

ចំណែកបុគ្គលិកជនជាតិចិនម្នាក់ឈ្មោះ Anna ក៏ត្រូវបានគេរកឃើញថា នៅក្នុងផ្ទះរបស់នាងមានផ្ទុកថ្នាំ និងសារធាតុញៀនផងដែរ ហើយគេកំពុងយកវាទៅធ្វើការពិសោធន៍បន្ថែមនៅវិទ្យាស្ថានវិទ្យាសាស្ត្រជាតិ។ បច្ចុប្បន្ន Anna ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសឡើយ៕