(កូរ៉េ)៖ មិនបង្អង់យូរពេលនេះ Big Hit Entertainment បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយហើយ បន្ទាប់ពីអ្នកគាំទ្រផ្ទុះចម្ងល់នៅពេលបានឃើញនារីម្នាក់ ស្រាប់តែលេចចេញក្នុងវីដេអូ Live របស់សមាជិក BTS អំឡុងពេលដែលពួកគេកំពុងផ្សាយរូបភាពផ្ទាល់ នៅថ្ងៃប្រារព្ធខួបកំណើតមិត្តរួមក្រុម។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ សមាជិក BTS បាន Live វីដេអូ ជជែកលេងជាមួយអ្នកគាំទ្រនៅថ្ងៃខួបកំណើតរបស់ JHope ប៉ុន្តែមានរឿងស្មានមិនដល់ បន្ទាប់ពីមនុស្សជាច្រើនបានឃើញនារីអាថ៌កំបាំងម្នាក់ ត្រូវបានថតជាប់ក្នុងកាមេរ៉ា។ អ្នកគាំទ្រជឿថា នាងគឺជា Sasaeng ដែលបានលួចចូលបន្ទប់ស្នាក់នៅរបស់ BTS ហើយពួកគេពិតជាខឹងខ្លាំងណាស់ និងស្នើសុំឲ្យ Big Hit Entertainment បកស្រាយបញ្ហានេះ។

ជាការឆ្លើយតប Big Hit ក៏បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា «បន្ទាប់ពីរកឃើញការពិត យើងដឹងថា នារីនោះគឺជាបុគ្គលិកសណ្ឋាគារ។ តំបន់​នេះមិនអនុញ្ញាតឲ្យអ្នកក្រៅណាចេញចូលសេរីឡើយ។ យើងពិតជាតឹងរឹងខ្លាំងណាស់ ដើម្បីការពារសិល្បកររបស់យើង»។ ក្រោយពីភ្នាក់ងារចេញមកបំភ្លឺបែបនេះបានធ្វើឲ្យអ្នកគាំទ្រ BTS ហាក់ធូរស្រាលចិត្តផងដែរ នៅពេលពួកគេដឹងថានារីនៅក្នុងវីដេអូមិនមែនជា Sasaeng៕