(ស្វាយរៀង)៖​ តារាប្រុសសង្ហាវីជេ អាឡាស្កូ បាននាំយកសម្ភារៈសិក្សាចែករំលែកក្ដីស្រលាញ់ដល់សិស្សជិត ២០០នាក់ នៅសាលាបឋមសិក្សាវត្តបង្គ័ជា ស្ថិតនៅឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។ កាចុះចែកអំណោយនេះបានធ្វើឡើងកាល​ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ។

សម្ភារៈសិក្សាដែលតារាប្រុសវីជេ អាឡាស្កូ នាំទៅចែកជូនសិស្សចំនួនជិត២០០នាក់នោះមានដូចជា៖ សៀវភៅ, ប៊ិច, ខ្មៅដៃ, តុក្កា ថ្នាំដុះធ្មេញ​, នំកញ្ចប់ និងថវិកាមួយចំនួននទៀត ខណ:ដែលសិស្សក៏បានបង្ហាញការសប្បាយរីករាយ ក្រោយពេលទទូលបានអំណោយជាសម្ភារៈសិក្សា និងក្ដីស្រលាញ់ពីតារាប្រុស វីជេ អាឡាស្កូ ផងនោះ។

ក្នុងឱកាសនាំយកសម្ភារៈចែករំលែកនោះដែរ ក៏បានមានមតិសំណេះសំណាលដោយលើកទឹកចិត្តចំពោះក្មេងៗថា ក្មួយៗត្រូវតែបន្ត​ការខិតខំការសិក្សា ដើម្បីទទួលបានចំណេះវិជ្ជាជួយដល់ខ្លួនឯង និងក្រុមគ្រួសារនាពេលអនាគត់។ មិនតែប៉ុណ្ណោះ ក៏ត្រូវតែបន្តធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងជៀសឲ្យផុតពីគ្រឿងញៀនផងដែរ។

វីជេអាឡាស្កូក៏បានបញ្ជាក់ទៀតថា ថ្វីត្បិតតែការងារសិល្បៈរវល់ខ្លាំងប៉ុណ្ណាក្តី ក៏លោកសុខចិត្តឆ្លៀតពេល ដើម្បីចូលរួមចែក​រំលែកក្តីស្រលាញ់ដល់ប្អូនៗ និងក្មួយៗនៅសាលាបឋមសិក្សាវត្តបង្គ័ជា ដែលជាតំបន់ដាច់ស្រយ៉ាលមួយនេះ។ ចំណែកឯសម្ភារៈសិក្សា​ ដែលបាននាំយកមកចែកជូនដល់សិស្សនាពេលនេះ គឺបានមកពីការចូលរួមរបស់សិល្បៈករ និងសប្បរសជនជាច្រើន។

លោកថា នេះពុំមែនទើបជាលើកទី១នោះទេ ក្នុងការចុះចែកសម្ភារៈសិក្សា និងក្តីស្រលាញ់ដល់សិស្ស នៅតាមសាលារៀនសហគមន៍នៃតំបន់ជនបទដាច់ស្រយ៉ាល ពោលគឺកន្លងមកលោកធ្លាប់ធ្វើការងារនេះមានច្រើនកន្លែងមកហើយ។ ម្យ៉ាងទៀតវីជេ អាឡាស្កូ ក៏បានសន្យាថា ខ្លួននឹងបន្តសកម្មភាពនេះនៅពេលក្រោយៗទៀត បើសិនជាមានឱកាស និងការចូលរួមពីសំណាក់សប្បុរសជន៕