(ថៃ)៖ កម្មវិធី «TV Gold Awards» ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បី​ប្រកាស និង ផ្តល់​ការ​កោត​ស​សើរ និងប្រគល់ពានរង្វាន់ ចំពោះ​ទេពកោសល្យ​សម្តែង ​របស់​តារាប្រុសស្រី​មួយចំនួន ​ដែលមាន​ភាពលេច​ធ្លោ​ក្នុងការ​សម្តែង ប្រចាំឆ្នាំនីមួយៗ។ យ៉ាងណាមិញ សម្រាប់ឆ្នាំ ២០១៩ នេះ មានតារាប្រុសស្រីល្បីៗ និងផលិតករមួយចំនួន ទទួលបានពាន់កិត្តិយសក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ក្នុងនោះមានដូចជា លោក Phaeh Saniwaat,Nadech Kugimiya, Bella Ranee, Weir Sukollawat និង Taew Natapohn ​ជាដើម។

ក្នុងកម្មវិធីនេះ «TV Gold Awards 2019» ត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅឯ មជ្ឈមណ្ឌលវប្បធម៌ថៃ ដោយមានការចូលរួមពីសំណាក់ រៀមច្បងក្នុងសិល្បៈ អ្នកមុខអ្នកការ ដែលពាក់ព័ន្ធនឹងកម្មវិធីនេះ រួមទាំងតារាល្បីៗជាច្រើនដួងទៀតផង។ ក្នុងនោះ លោក Phaeh Saniwaat ដែលត្រូវបានគេដឹងថា ជាផលិតកររឿង «Bpoop Phaeh Saniwaat» ទទួលបានពាន់រង្វាន់មួយ ផ្នែកផលិតករឆ្នើមបំផុត ខណៈលោក Nadech Kugimiya ទទួលបានពាន់ ផ្នែកដឹកនាំសម្តែងដ៏ឆ្នើម ក្នុងរឿង «The Crown Princess»។

ទន្ទឹមគ្នានេះ ក្រៅពីតារាប្រុសខាងលើ អ្នកដែលទទួលបានពានរង្វាន់ក្នុងកម្មវិធីនេះ មានដូចជា កញ្ញា Bella Ranee ទទួលពាន់ផ្នែកតារាសម្តែង ដែលឆ្នើម និងលេចធ្លោរជាងគេ ក្នុងរឿង «Bpoop Phaeh Saniwaat» ចំណែក លោក Weir Sukollawat និង Taew Natapohn ក៏ទទួលបានពានរង្វាន់ ផ្នែកតារាសម្តែង ដែលឆ្នើម លេចធ្លោរប្រចាំឆ្នាំផងដែរ។

យ៉ាងណាមិញ ជាមួយនឹងទទួលបានពានរង្វាន់ ពីសំណាក់តារាល្បីៗខាងលើនេះ បានធ្វើឱ្យទស្សនិកជនកោតសរសើរគ្រប់គ្នា ពីទេពកោសល្យ និងប្រជាប្រិយភាពរបស់ពួកគេ ខណៈការជោគជ័យនៅពេលនេះ ប្រៀបបានជា ស្ពានមួយជួយចម្លងពួកគេ ឱ្យមានទីផ្សារសិល្បៈកាន់តែខ្លាំងបន្ថែមទៀត។ លើសពីនេះ នៅមានតារាប្រុសស្រីមួយចំនួន ទៀត ដែលបានចូលរួម និងទទួលបានពាន់រង្វាន់ក្នុងព្រឹត្តិការណ៍នេះ៕