(ចិន​)៖ ខ្សែភាពយន្តរឿងចិន «So Long, My Son» បានឈ្នះពានរង្វាន់កិត្តិយស នៅក្នុងមហោស្រពខ្សែភាពយន្តអន្ដរជាតិ នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយមានតួឯកចំនួន ២រូប ដែលទទួលបានពានរង្វាន់ខ្លាឃ្មុំប្រាក់ ដែលជាពានរង្វាន់ត្រូវប្រគល់ឲ្យ សម្រាប់ខ្សែភាពយន្តល្អបំផុត ក្នុងមហោស្រពភាពយន្ត អន្តរជាតិ ក្នុងនោះលោក Wang Jingchun និង នាង Yong Mei ជាប់ជាតារាសម្តែងប្រុសស្រីឆ្នើមបំផុត។

រឿង «So Long, My Son» ជាការដឹកនាំដោយ ផលិតករ Wang Xiaoshuai។ ឈុតឆាកនៅក្នុងខ្សែភាពយន្តមួយនេះ គឺចាប់ផ្តើមពីឧប្បទវហេតុ សោកនាដកម្មដ៏សោកសៅមួយ ដែលបានកើតឡើងក្នុងគ្រួសារមួយ រស់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលគូស្វាមីភរិយាជនជាតិចិន ត្រូវបាត់បង់កូនប្រុសតែមួយ របស់ពួកគេ ខណៈដែលការបាត់បង់មួយនេះ គឺដោយសារតែ កូនប្រុសរបស់ពួកគេ បានលង់ទឹក ពេលទៅលេងជាមួយមិត្ត។ បន្ទាប់មក ប្ដីប្រពន្ធមួយគូ នេះ ដែលត្រូវបានសម្ដែងដោយ លោក Wang Jingchun និង នាង Yong Mei បានយកកូនប្រុសតូចមួយផ្សេងទៀត មករស់នៅ ក្នុងក្រុងមួយ នៃឆ្នេរសមុទ្រ ភាគខាងត្បូងខេត្តហ្វូជាន។ Wang Jingchun និង នាង Yong Mei បានចាប់ដៃគ្នា ដាក់មនោសញ្ចេទនា សម្ដែងបានយ៉ាងល្អ នៅក្នុងរឿងមួយនេះ។

នាង Yong Mei ដែលសម្ដែងជាតួអង្គម្ដាយ ក្នុងរឿង «So Long, My Son» បាននិយាយថា «សង្គមចិន បានឆ្លងកាត់ជាច្រើនទសវត្សមកហើយ ហើយវាជាខ្សែភាពយន្តឆ្លុះបញ្ចាំង អំពីជីវិត នៅក្នុងសម័យនោះ និងអំពីជីវិតរបស់យើងពេល បច្ចុប្បន្ននេះ។ ពិតណាស់ ខ្ញុំចង់អោយមនុស្ស ជាច្រើន កាន់តែស្គាល់ខ្សែភាពយន្តមួយនេះ ជាពិសេសក្មេងជំនាន់ក្រោយ ដូច្នេះ ពួកគេអាចរៀនសូត្របានបន្តិចបន្តួចផងដែរ»