(ភ្នំពេញ)៖ ម្ចាស់ផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី ហៅ នាយក្តី បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីឃើញតារាប្រុស ធ្លាប់ត្រូវបានគេសង្ស័យថា មានស្នេហាជាមួយ នាយចឺម ដែលស្រឡាញ់ភេទដូចគ្នារូបនេះ បានបង្ហាញខ្លួនជាមួយនឹងឈុតប្រពៃណីខ្មែរ កូនកម្លោះ ឈរថតញញឹមយ៉ាងប្រឹមប្រីយ ក្នុងពិធីភ្ជាប់ពាក្យ ជាមួយនឹងកញ្ញា សុវណ្ណ រ៉ាផា ដែលត្រូវបានគេស្គាល់ថា គឺជាតារាអ្នកសិល្បៈដូចគ្នា។​

ជាការកត់សម្គាស់ ពិធីភ្ជាប់ពាក្យរវាងតារាសម្តែងប្រុសស្រី នាយក្តី និង អនាគតភរិយា សុវណ្ណ រ៉ាផា បានធ្វើឡើង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ ​គេហដ្ឋាន​ខាង​ស្រី​បុរី​សែន​សុ​ខ​អូ​ដឹម​ដោយមានការចូលរួមយ៉ាងអធឹកអធម ក្រោមវត្តមានចាស់ទុំទាំងសងខាង និងតារាប្រុសស្រីជិតស្និតជាច្រើនរូបផងដែរ។ ក្រោយទទួលដំណឹងនេះ ទស្សនិកជន និងអ្នកសិល្បៈបានចូលរួមអបអរសាទរ ដល់អនាគតគូស្វាមីភរិយាមួយគូនេះគ្រប់គ្នា និងជូនពរឱ្យស្រឡាញ់គ្នា យល់ចិត្តថ្លើមគ្នា និងជោគជ័យក្នុងជីវិតគ្រួសារ។ អ្វីដែលសំខាន់ ការភ្ជាប់ពាក្យ របស់នាយ ក្តី ពេលនេះ ប្រៀបបាននឹងដំណឹងមួយ ដើម្បីបញ្ចប់នូវពាក្យចចាមអារ៉ាមថា លោកស្រឡាញ់ភេទដូចគ្នា ពោលកន្លងមក លោកធ្លាប់លេចរឿងអាស្រូវថា មានទំនាក់ទំនងជាមួយ តារាកំប្លែង នាយចឺម ក្រោយពីលែងលះ​ ជាមួយភរិយាដើម។

ជាការពិត លោក ឈុន សុវណ្ណភក្តី ត្រូវបានគេដឹងថា ធ្លាប់មានភរិយាម្តងរួចហើយ ដោយបន្សល់ទុកកូនពីរនាក់ ប្រុសម្នាក់ស្រីម្នាក់ ជាបន្ទុកភរិយាមុនមើលថែរ។ អ្វីដែលចាប់អារម្មណ៍ ទស្សនិកជនសង្កេតឃើញថា ចាប់តាំងពីមានទំនាក់ទំនងស្នេហ៍ជាមួយ សុវណ្ណ រ៉ាផា រហូតដល់ថ្ងៃភ្ជាប់ពាក្យនេះ នាយក្តី ហាក់ប្លែកខុសពីមុន ព្រោះលោកមិនមានអ្វីស្និតស្នាលជាមួយ នាយចឺម ដូចមុនទៀតទេ។ ពាក់ព័ន្ធរឿងនេះ នាយក្តី បានអះអាងដែរថា លោក និងនាយចឺម មានវេលាក្នុងការបំពេញការងារផ្សេងៗគ្នា ហើយបច្ចុប្បន្នលោកចង់ចំណាយពេល ជាមួយអនាគតភរិយាឱ្យបានច្រើន។

គួរជម្រាប់ថា បន្ទាប់ពីភ្ជាប់ពាក្យរួចរាល់ គូស្នេហ៍ទាំងពីរ មិនបានបង្ហើបឱ្យមហាជនបានដឹងនោះទេ ថានឹងរៀបការនៅពេលណា តែយ៉ាងណា គ្រប់គ្នាជូនពរឱ្យអ្នកទាំងពីរ ឆាប់រៀបការ និងស្រឡាញ់គ្នាដល់ចាស់ផងដែរ៕