(បាសេឡូណា)៖ កីឡាករប្រណាំងរថយន្ត Formula 1 សញ្ជាតិអាល្លឹម៉ង់ Sebastian Vettel មានល្បឿននាំមុខគេដាច់ ក្នុងការប្រណាងសាកល្បងសម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍ប្រចាំឆ្នាំ២០១៩ Formula 1 ដែលបានធ្វើឡើងនៅទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញនាថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ។

តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយថា Sebastian Vettel ដែលបើកឲ្យក្រុមហ៊ុន Ferrari បានប្រើពេលត្រឹមតែ ១នាទី និង ១៨.១៦១វិនាទីប៉ុណ្ណោះ ដើម្បីទទួលបានជ័យជម្នះក្នុងជុំទី១ ក្នុងចំណោមកីឡាករ ១១នាក់ចូលរួមប្រកួត ខណៈជើងខ្លាំងរបស់អង់គ្លេស Lewis Hamilton បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៩ ដែលបានប្រើពេល ១នាទី និង ២០.១៣៥វិនាទីឯណោះ។

ក្រោយចប់ការប្រកួត លោក Toto Wolff ដែលជានាយកក្រុមហ៊ុន Mercedes F1 បានលើកឡើងថា «រថយន្ត Ferrari គឺពិតជាខ្លាំងមែន ក៏ប៉ុន្តែមិនខ្លាំងដែលមិនអាចមានគូប្រជែងនោះទេ ក្នុងថិរវេលាដែលពួកគេអាចធ្វើបានដូចគ្នា»

ជាមួយគ្នានោះ កីឡាករ Williams បានអវត្តមាន ដោយសាររថយន្តរបស់គេមានបញ្ហា ហើយក៏នឹងបន្តអវត្តមានថែមទៀតផងដែរក្នុងការប្រកួតជុំទី២ នាថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះទៀតដែរ៕