(អាមេរិក)៖ ប្រភពមួយស្និទ្ធនឹងតារាសម្តែង Brad Pitt បានប្រាប់ HollywoodLife ថា តារាប្រុសរូបនេះហាក់ដូចជាមានអារម្មណ៍ល្អច្រើន​ បន្ទាប់ពីរូបគេផ្សះផ្សាជាមួយអតីតភរិយាមុន Jennifer Aniston និងបានចំណាយពេលទៅចូលរួមពិធីខួបកំណើត ឈានចូលវ័យ ៥០ឆ្នាំ របស់នាងកាលពីថ្ងៃទី៩ ខែកុម្ភៈ។

Brad Pitt មមាញឹកនឹងការងារជាច្រើន ចាប់តាំងពីលោកមានទំនាក់ទំនងជាមួយ Jennifer Aniston ឡើងវិញ ដែលលោកសម្លឹងមើលខ្លួនឯងដូចជាបុរសម្នាក់ផ្សេង។

មជ្ឈដ្ឋានខ្លះលើកឡើងថា ការចូលរួមពិធីខួបកំណើតរបស់អតីតភរិយានេះ អាចជាជំហាននៃការចាប់ផ្តើមជាថ្មីរវាង Pitt ជាមួយ Aniston ហើយ​តារាប្រុសរូបនេះកំពុងព្យាយាមបើកចំហពីអ្វីៗគ្រប់យ៉ាង។

អ្នកគាំទ្រជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលខ្លាំង នៅពេលឃើញ Brad Pitt លេចមុខនៅថ្ងៃប្រារព្ធខួបកំណើត Aniston ខណៈពេលដែលលោកកំពុងប្រឈមនឹងរឿងក្តី ដ៏ស្មុគស្មាញជាមួយ Angelina Jolie ប៉ុន្តែទោះជាយ៉ាងណា​វាប្រហែលគ្រាន់តែការចាប់ផ្តើមមិត្តភាពល្អឡើងវិញ ប៉ុណ្ណោះរវាង Pitt និងអតីតភរិយាមុនគ្មានអ្វីលើសពីនេះឡើយ។

នៅក្នុងពិធីខួបកំណើតនោះមានតារាល្បីៗជាច្រើន ចូលរួមដូចជា Katy Perry, Ellen DeGeneres, Reese Witherspoon, Robert Downey Jr. , Jason Bateman, George Clooney, Orlando Bloom ហើយវត្តមានរបស់ Brad Pitt បានធ្វើឲ្យមិត្តភក្តិ Jennifer Aniston សប្បាយចិត្តផងដែរ៕