(ភ្នំពេញ)៖ នេះជាលើកទីមួយហើយ ដែលតារាចម្រៀងប្រុសលំដាប់ប្រទេស លោក ខេម បានរិះគន់ទៅលើអ្នកសិល្បៈ​មួយចំនួន ដែលមិនចេះរាំចង្វាក់ប្រពៃណីខ្មែរ ពោល គឺចង្វាក់រាំវង់​។ ការរិះគន់បែបនេះ បន្ទាប់ពីតារាចម្រៀងលោក ខេម បានទៅថតបទចម្រៀង ដែលជាចង្វាក់ប្រពៃណីជាតិខ្មែរ នៅឯវត្តកៀនស្វាយក្រៅ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីអបអរ​ក្នុងឱកាស ពិពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតដល់ នាពេលខាងមុខនេះ​ ខណៈដែលមានតារាចម្រៀង ប្រចាំផលិតកម្ម ថោន និងតារាសម្ដែង​បានចូលរួម យ៉ាងច្រើនកុះករ​។

​តារាចម្រៀងសំនៀងស្អក ខេម បានសរសេររិះគន់ នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោក យ៉ាងដូច្នេះថា «​ខ្ញុំឈរ​មើល​ពី​លើ​ឆាក ខ្ញុំ​មិន​ដឹង​ថា​ យ៉ាង​ម៉េច​ទេ​ឲ្យ​សម ប្អូន​ៗ​ប្រុស​ស្រីមួ​យ​ចំនួន ​មក​ថត​ចម្រៀង​ ដើម្បី​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​យ​ខ្មែរ តែបែ​រ​ជាមិ​ន​ចេះ​រាំ​បទ ចង្វាក់​រាំ​វង់​»​

ជាមួយគ្នានេះ លោក ខេម មានការរំពឹង យ៉ាងមុតមាំថា អ្នកសិល្បៈក៏ដូចជា បងប្អូនមហាជន និងចេះរាំចង្វាក់ប្រពៃណីជាតិ​របស់ខ្មែរ យើងឲ្យបានគ្រប់ចង្វាក់ ជាពិសេស គឺចង្វាក់រាំវង់ ដែលជាមរតកវប្បធម៌ របស់ខ្មែរយើងតែម្ដង​។

តារាចម្រៀងប្រុសរូបនេះ បានសរសេរបន្តទៀតថា «​ចូល​ឆ្នាំ២០១៩នេះ​សង្ឃឹម​ បង​ប្អូន​ និង​ចង់​ចាំ​ចង្វាក់​ប្រពៃណី​​យើង​ណា លើក​ស្ទួយ​ឡើង កុំ​ស្រឡាញ់​តែមា​ត់​ ត្រូវ​ចូល​រួម​អនុវ​ត្ត​ផង អរ​គុណ​ពុកម៉ែ​បង​ប្អូន​គ្រប់​គ្នា មាន​ការ​ខុស​ឆ្គង​ឲ្យខ្ញុំ​សូម​ទោស​ផង»

​គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្ថិតនៅឯវត្តកៀនស្វាយក្រៅ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ផលិតកម្ម ថោន បានរៀបចំថតបទចម្រៀងប្រមាណជា៥០បទ ដែលសុទ្ធសឹងតែចង្វាក់ប្រពៃណីខ្មែរ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ប៉ុន្តែសម្រាប់ការថតនៅក្នុងវត្តនេះ គឺមានត្រឹមតែ២០បទប៉ុណ្ណោះ ខណៈនៅសល់៣០បទទៀត គឺផលិតកម្មនឹងថតនៅកន្លែងផ្សេងៗទៀត៕