(ភ្នំពេញ)៖ តារាចម្រៀង ដែលជាអតីតបេក្ខភាព ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី១ គេសង្កេតឃើញមួយរយៈចុងក្រោយនេះ លោកហាក់ដូចជា ស្ងប់ស្ងាត់ពីសិល្បៈ តែទោះជាយ៉ាងក៏ លោកនៅតែទទួលបានការគាំទ្រ ពីទស្សនិកជន ។ យ៉ាងណាមិញ សម្រាប់ឱកាស នៃថ្ងៃបុណ្យទិញនៃក្ដីស្រលាញ់ ១៤កុម្ភះនេះ ម្ចាស់បទ «សុំទោស» រូបនេះ បានធ្វើឲ្យប្រិយមិត្តទស្សនិកជន និងអ្នកគាំទ្រ​ ជាច្រើនមានការភ្ញាក់ផ្អើល និង មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ ពីតារាចម្រៀងប្រុសរូបនេះ បានបង្ហោះនូវរូបថត Pre-Wedding ជាមួយអនាគតភរិយា ជាច្រើនសន្លឹក នៅលើទឹកដីអង្គរ ក្នុងបណ្ដាញសង្គមរបស់លោក។

ជាការពិត តារាចម្រៀង ដែលប្រិយមិត្តភាគច្រើន ស្គាល់លោក កាន់តែច្បាស់ថែមទៀត តាមរយៈ បទ «សុំទោស» លោក សៅ ឧត្តម បានបង្ហោះរូប Pre-Wedding ជាមួយអនាគតភរិយារបស់លោក ចំថ្ងៃនៃបុណ្យ ក្តីស្រលាញ់១៤ កុម្ភៈ ដែលធ្វើឲ្យមហាជន ជាច្រើនមានការចាប់អារម្មណ៍ ខណៈដែលពេលកន្លងមក លោកពុំដែលបានធ្លាប់បង្ហាញមុខគូស្នេហ៍ ឲ្យប្រិយមិត្តទស្សនិកជន បានស្គាល់ឡើយ តែពេលនេះស្រាប់តែលេចចេញជារូបថត Pre-Wedding ត្រៀមខ្លួន ចូលរោងការតែម្តង។

បន្ទាប់ពីបានឃើញបែបនេះ មានអ្នកគាំទ្ររបស់លោក សៅ ឧត្តម ក៏បានចូលរួមអបអរសាទរដល់លោក និងគូស្នេហ៍ ព្រមទាំងជូនពរពួកគេ ឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង ផងដែរ។

គួរជម្រាបថា លោក សៅ ឧត្តម ជាតារាចម្រៀងប្រុសមួយរូប ដែលមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈបទចម្រៀងជាច្រើនបទរបស់លោក៕