(ភ្នំពេញ)៖ កីឡាករខ្សែការពារសញ្ជាតិជប៉ុន Masaki Tomohiro បានព្រមព្រៀងក្នុងការបន្តកិច្ចសន្យាថ្មីជាមួយក្លឹបបាល់ទាត់អាស៊ី អឺរ៉ុប ក្រោមហេតុផលដើម្បីចង់ចែករំលែកបទពិសោធន៍ដែលខ្លួនមានទៅដល់កីឡាករវ័យក្មេងដែលកំពុងលេងក្នុងក្លឹប នេះដូចគ្នា។

សម្រាប់កិច្ចសន្យាថ្មីដែលមានសុពលភាព ១ឆ្នាំដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់កីឡាករ Tomohiro ព្រោះរូបគេបានមើលឃើញថា «នៅរដូវកាលនេះ AEU សម្បូរទៅកីឡាករយុវជន អញ្ចឹងខ្ញុំក្នុងនាមជារៀមច្បងម្នាក់ ចង់ជួយផ្ដល់បទពិសោធន៍ល្អៗដល់ពួកគេ ដើម្បីឲ្យក្មេងៗទាំងនោះ អាចក្លាយជាកីឡាករឆ្នើមទៅថ្ងៃមុខ»

គួរដឹងដែរថា ក្រៅតែពីបំណងចែករំលែកនេះ កីឡាករវ័យ២៨ឆ្នាំខាងលើបានបង្ហើបថា រដូវកាលនេះខ្លួនក៏នឹងក្លាយជាតួអង្គសំខាន់មួយរូប ដើម្បីទាក់ទាញអ្នកឧបត្ថម្ភពីប្រទេសជប៉ុន មកជួយជ្រោមជ្រែងដំណើរការក្លឹបទៀតផង។

ខ្សែការពាររូបនេះ ធ្លាប់បង្ហាញខ្លួនក្នុងក្រុម Cambodia All Stars ផងដែរកាលឆ្នាំមុន។ Tomohiro ឈានជើងចូលទឹកដីកម្ពុជាដំបូងនាឆ្នាំ២០១៤ ជាមួយក្លឹប TriAsia រហូតដល់ក្លឹបមួយនេះប្ដូរឈ្មោះទៅជា Angkor Tiger ខណៈឆ្នាំ២០១៨ កន្លងទៅ បានផ្លាស់មករួមរស់ជាមួយ AEU៕