(ភ្នំពេញ)៖ អតីតតារាសម្ដែងដ៏ល្បីឈ្មោះ ក្នុងទសវត្សរ៍​ទី៩០ គឺលោក ទេព វាសនា បន្ទាប់ពីលោកបានឃ្លាតឆ្ងាយពីពិភពសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ ដែលដំណឹងនៃការឃ្លាតឆ្ងាយពីសិល្បៈនេះ បានក្លាយទៅជាពាក្យចចារ៉ាមជាច្រើនលេចឮថា អតីតតារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាពរូបនេះ បានទទួលមរណភាពហើយ។ ផ្ទុយទៅវិញ តាមប្រភពព័ត៌មានច្បាស់ការ ពីអ្នកស្រី ស៊ិន ឧត្តមផល្លា បានទម្លាយប្រាប់ឲ្យដឹងថា លោក ទេព វាសនា មិនបានទទួលមរណភាព ដូចពាក្យចចាអារ៉ាម​នោះទេ ខណៈសព្វថ្ងៃ លោកកំពុងមមាញឹក ក្នុងការបំពេញការងារផ្ទាល់ខ្លួនរបស់លោក ជាមន្រ្តីរាជការ។

យោងតាមផេកហ្វេសប៊ុក អ្នកនាង ស៊ិន ឧត្តមផល្លា បានបញ្ជាក់ថា «អតីតតារាសម្ដែង លោក ទេព វាសនា មិនបានទទួលមរណភាព ដូចពាក្យចចាមអារ៉ាមឡើយ តារារូបនេះនៅមានជីវិត ។ ថ្ងៃនេះក៏មិនខុសពីសព្វដង គេហទំព័រយើងខ្ញុំ នៅតែបន្តស្រាវជ្រាវ អំពីដំណឹងអតីតតារាចម្រៀង និងតារាសម្ដែងជើងចាស់ ដើម្បីឲ្យពុកម៉ែបងប្អូន អស់ចម្ងល់ថា តើគាត់កំពុងតែរស់នៅឯណា​? មានមុខងារជាអ្វី​? នឹងមុខមាត់រូបរាង របស់គាត់ពីមុន និងបច្ចុប្បន្នប្រែប្រួល យ៉ាងណាទៅហើយ​?​»

អ្នកស្រី ស៊ិន ឧត្តមផល្លា បានបន្តថា «មកជួបជាមួយ អតីតតារាសម្ដែង ដ៏ល្បីល្បាញតាំងពីទសវត្សរ៍ ៩០ គឺលោក ទេព វាសនា គេនៅចាំបានថា លោក ទេព វាសនា គឺតារាសម្ដែងដ៏ល្បី ឈ្មោះមួយរូប ក្នុងពិភព KARAOKE សឹងតែគ្រប់ផលិតកម្ម អស់រយៈកាលជាង២០ឆ្នាំមកហើយ ដែលតារារូបនេះបានដកខ្លួន ចេញពីពិភពសិល្បៈ ដែលធ្វើឲ្យការបាត់ខ្លួននេះ ក្លាយជាពាក្យចចាមអារ៉ាមថា លោកបានទទួលមរណភាពទៀតផង​។ ដោយសារតែ មិនធ្លាប់មានសារព័ត៌មានណាមួយចុះផ្សាយ អំពីដំណឹងរបស់លោក ជាហេតុធ្វើឲ្យការបាត់ខ្លួននេះ នៅតែឋិតក្នុងភាពអាថ៌កំបាំង ប៉ុន្តែតាមការពិតលោក ទេព វាសនា នៅមានជីវិតនៅឡើយ​»

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ លោក ទេព វាសនា មានវ័យ​៤៥ឆ្នាំ លោកមានកូនចំនួនបីនាក់ ស្រីពីរ ប្រុសមួយ លោកកំពុងតែរស់នៅក្នុងប្រទេស​កម្ពុជា ហើយលោកក៏មានឋានៈជា ឯកឧត្ដមផងដែរ និងមានតួនាទីដ៏សំខាន់មួយរូប នៅក្នុងជួររាជរដ្ឋាភិបាលទៀតផង​៕