(ភ្នំពេញ)៖ ជាការពិត ថ្មីៗនេះ តារាកំប្លែងចាស់វស្សា គឺ នាយ កុយ និងនាយ ក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបែកកង់រថយន្ត ហើយរេទៅបុកដើមឈើ បណ្តាលឱ្យ តារាកំប្លែងទាំងពីរមានរបួសធ្ងន់រៀងៗខ្លួន ខណៈនាយ កុយ ស្រាំឆ្អឹងជំនី និងរបួសដៃ ប៉ុន្តែសភាពជំងឺរបស់លោកបច្ចុប្បន្នគឺធូរស្រាលជាងមុនហើយ។ ចំណែកឯរថយន្តរបស់លោកវិញ គឺមានការខូចខាត ស្ទើរតែទាំងស្រុង ដោយគ្រាន់តែចំណាយលុយជួសជុល គឺប្រហែល ១ម៉ឺនដុល្លារទៅហើយ។ ទោះយ៉ាងណាក្តី នាយ កុយ បានបង្ហាញអារម្មណ៍ថា លោកចង់ឱ្យសិល្បករចូលរួមលើកទឹកចិត្ត ដើម្បីជាកំម្លាំងចិត្តមួយ ឱ្យលោករីករាយឡើងវិញ ទោះបីជាមិនទាន់ជាសះស្បើយក្តី។

ជាក់ស្តែង តាមរយៈការទៅសួរសុខទុក នាយ កុយ ដល់គេហដ្ឋាន លោក ហេង ឡុង បានសរសេរសារយ៉ាងដូច្នេះថា «ពេលគាត់កំប្លែង យើងសើចសប្បាយ ចុះពេលគាត់ជួបគ្រោះថ្នាក់យើងនាំគ្នា share លើកទឹកចិត្តគាត់ម្នាក់មួយ បានអត់បងប្អូន? ស្រណោះណាស់ បងកុយចង់ឃើញសិល្បករ ទៅលើកទឹកចិត្តគាត់ ថ្ងៃនេះឆ្លៀតទៅសួរសុខទុក្ខ បង កុយ ក្រោយពីជួបគ្រោះថ្នាក់ បែកកង់ឡានរេទៅបុកដើមឈើ សភាពជំងឺរបស់គាត់ធូរស្រាល ប៉ុន្តែស្រាំឆ្អឹងជំនី និងរបួសដៃ»

លោក ហេង ឡុង បានបន្តថា «សមាគមសិល្បករខ្មែរជួយសម្រាលបន្ទុកចេញថ្លៃថ្នាំព្យាបាល ចំណែកឯឡានរបស់គាត់ ត្រូវចំណាយជួសជុលអស់ប្រហែលជិត ១ម៉ឺនដុល្លារ ខ្ញុំនឹងប្រមែប្រមូលមិត្តភក្កិ ដើម្បីជួយសម្រាលបន្ទុកថ្លៃជួសជុលឡានគាត់ខ្លះដែរ។ សមាគម ក៏សូមគោរពថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរព ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល៥ឆ្នាំ។ សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត»

យ៉ាងណាមិញ ងាកទៅរកទស្សនិកជនវិញ គឺបាននាំគ្នាសម្តែងនៅការសោកស្តាយយ៉ាងខ្លាំង ចំពោះតារាកំប្លែងទាំងពីរ ចំពោះការជួបនូវគ្រោះថ្នាក់មួយនេះ ហើយបានជូនពរឱ្យ នាយកុយ និងនាយក្រិន ឆាប់ជាសះស្បើយពីរបួសផងដែរ ដើម្បីមកលេងកំប្លែង ចែកជូនទស្សនិកជនទស្សនាបន្តទៀត។

គួរជម្រាប់ថា តារាកំប្លែងដ៏ល្បីនៅកម្ពុជា នាយកុយ និងនាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវលេខ​៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយរថយន្ដបែកកង់រេទៅបុកដើមឈើ ដោយរថយន្ដដែលតារាកំប្លែងទាំងពីរនាក់ធ្វើដំណើរនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AR-9968។ បច្ចុប្បន្នតារាទាំងពីរ កំពុងសម្រាក់ព្យាបាលរបួស នៅគេហដ្ឋាន និងមានសភាពប្រសើរឡើងវិញហើយ៕