(ភ្នំពេញ)៖ ថ្វីត្បិតតែជាតារាសម្ដែង ជើងថ្មីដែលទើបនឹង ចូលប្រឡូកក្នុងសិល្បៈ រយៈពេលជាងមួយឆ្នាំ តែតារាសម្ដែង ដែលមានឈ្មោះថា នូ យូរី ហាក់ទទួលបានការចាប់អារម្មណ៍ យ៉ាងច្រើន ពីសំណាក់ទស្សនិកជនស្ទើរមិនគួរឲ្យជឿ។ ក្នុងនោះដោយសង្កេតឃើញពី នូវសមត្ថភាព និងរូបសម្រស់យ៉ាងស្រស់ស្អាត ស៊ិចស៊ីគួរឲ្យគយគន ដែលអំណោយផលពីធម្មជាតិ បែបនេះរបស់ យូរី ស្រាប់តែធ្វើឲ្យតារាសម្ដែងជើងចាស់មួយរូប គឺអ្នកស្រី ស៊ិន ឧត្តមផល្លា ក៏បានធ្វើការចាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើតារាសម្ដែងស្រី ពន្លកថ្មីរូបនេះ ជាពិសេសនោះ អ្នកស្រីថែមទាំង រំពឹងខ្ពស់ថា នូ យូរី នឹងអាចក្លាយទៅជាតារាស្រីដែលលេចធ្លោ នៅក្នុងឆ្នាំ២០១៩នេះ។

យោងតាមផេកហ្វេសប៊ុករបស់ អ្នកស្រី ស៊ិន ឧត្តមផល្លា បានធ្វើការកោតសរសើរនូវរូប សម្រស់ដ៏ស្រស់ស្អាត សិចស៊ីគួរឲ្យក្នាញ់របស់តារាសម្ដែងជើងថ្មី កញ្ញា នូ យូរី បន្ទាប់ពីឃើញ ភាពស្រស់ស្អាត ក៏ដូចជាមត្ថភាពជាច្រើនរបស់ យូរី ក្រោយពីប្រឡូកសិល្បៈ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។

អ្នកស្រី ស៊ិន ឧត្តមផល្លា បានលើកឡើងថា «មកស្គាល់តារាសម្ដែងថ្មី ដែលទើបតែលេចធ្លោ នៅក្នុងឆ្នាំ២០១៩នេះ កញ្ញាមានឈ្មោះថា នូ យូរី អាយុ២៦ឆ្នាំ កំពស់ ១.៦៨ម៉ែត្រ នាងទើបតែចូលប្រឡូក ក្នុងពិភពសិល្បៈនាឆ្នាំ២០១៧ នឹងសម្តែងខ្សែភាពយន្តភាគ បានចំនួន៣រឿង ដោយរឿងទី១ «វិញ្ញាណម្ចាស់ព្រែក» CTN Tv រឿងទី២ «ភរិយាឥតខាន់ស្លា» Bayon Tv និងរឿងទី៣ «ភរិយាសម័យថ្មី» PNN Tv ដោយនាងបានសម្តែង ជាតួអង្គសំខាន់ៗ នៅក្នុងរឿងភាគទាំង៣នេះ ដែលនឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ»

អ្នកស្រីបានបន្តទៀតថា «ដោយនាងខ្ញុំ ស៊ិន ឧត្ដមផល្លា បានមើលឃើញថា នាងមិនត្រឹមតែស័ក្តិសមធ្វើជាតារាសម្ដែង តែនាងក៏ស័ក្តិសម ធ្វើជាតារាម៉ូឌែលទៀតផង ហើយខ្ញុំក៏សង្ឃឹមថា នាងប្រាកដជាត្រូវបានបងប្អូនណាម្នាក់ ជ្រើសរើសយកនាងធ្វើជាតារាបង្ហាញម៉ូដ បន្ទាប់ពីឃើញការចុះផ្សាយនេះ»