(ក្រុងឡុងដ៍)៖ ក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City រកបានគ្រាប់ទី១០០ គ្រប់យុទ្ធនាការក្នុងរដូវ កាលឆ្នាំ២០១៨-២០១៩ តាមរយៈបំបាក់ក្រុមម្ចាស់ផ្ទះ Huddersfield Town ៣-០ រាត្រីថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ ក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League។

តាមរយៈ៣ពិន្ទុបន្ថែមក្រៅដីនេះដែរ បានជួយឲ្យ Man City បន្តដេញតាមពីក្រោយក្រុមកំពូលតារាង Liverpool ៤ពិន្ទុដដែលគិតត្រឹមសប្តាហ៍ទី២២ ជើងទី២ នៅព្រឹត្តិការណ៍ Premier League និងបានក្លាយជាក្រុមដែលរកគ្រាប់ បំប៉ោងសំណាញ់ទីច្រើនជាងគេផងដែរនៅរដូវកាលនេះ។

អតីតកីឡាករមកពីក្លឹប Real Madrid, Danilo រកបានគ្រាប់បែកពងមាន់នៅនាទីទី១៨ មុនពេល Raheem Sterling រកបានគ្រាប់ទី២ នៅនាទីទី៥៤ និង Leroy Sane រកបានគ្រាប់ទី៣ នៅនាទីទី៥៦ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី ដែលបន្តកំណត់ត្រាចាញ់លើកទី៩ ដល់ Huddersfield ក្នុងចំណោម ១០ប្រកួតនៅ Premier League ស្ថិតនៅបាតតារាងដដែល៕