(ឌូបៃ)៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួម ខណៈថៃជ្រុះចេញត្រឹមវគ្គ ១៦ក្រុម បន្ទាប់ពីប្រកួតចាញ់ចិន ២-១ នារាត្រីថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩។

វៀតណាម បានរបូត១គ្រាប់មុននៅនាទីទី៣៩ ពីការទាត់បាល់ Free Kick របស់ក្រុមហ្ស៊កដានី មុនពេលត្រូវបានវៀតណាមវាយបកតាមបានស្មើ ១-១ នៅនាទីទី៥១ និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដង មុនពេលកំណត់កាត់សេចក្តីប៉េណាល់ទី ខណៈវៀតណាម ទាត់ចូល ៤គ្រាប់ និងហ្ស៊កដានី ទាត់ចូលតែ ២គ្រាប់ប៉ុណ្ណោះដែលធ្វើឡើននៅកីឡដ្ឋានស្ថិតក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

សម្រាប់ក្រុមថៃដែលស្ថិតនៅតំបន់អាស៊ាន មួយទៀតត្រូវបានចិនវាយបកយកជ័យជម្នះ ២-១ ក្នុងវគ្គទី២ បន្ទាប់ពីក្រុម ដំរីថៃបានបើកការនាំមុខ ១គ្រាប់តាំងពីនាទីទី៣១ វគ្គទី១មក និងអស់សិទ្ធិឡើងទៅវគ្គ៨ក្រុមចុងក្រោយតែម្តង។

ក្នុងវគ្គ ៨ក្រុម វៀតណាមអាចជួបក្រុមជើងខ្លាំងប្រចាំតំបន់ សាម៉ូរៃជប៉ុន ឬក៏អារ៉ាប៊ីសាអូឌីត ខណៈពួកគេត្រូវប្រកួតគ្នា រាត្រីថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩ ក្នុងវគ្គ១៦ក្រុម។ ពេលនេះរកបាន ៣ក្រុមហើយឡើងទៅវគ្គ ៨ក្រុមចុងក្រោយ រួមមាន វៀតណាម ចិន និងអ៊ីរ៉ង់៕