(ភ្នំពេញ)៖ ក្រុមតន្រ្តីជនជាតិជប៉ុនមួយក្រុម បាននាំយក​នូវការប្រគំតន្រ្តីដ៏ចំណាស់ ពីបុរាណរបស់ប្រទេសស្វីស មានឈ្មោះថា «Tamagawa Alphorn» ដែលជាលើកដំបូងពុំធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា ខណៈការប្រគំតន្រ្តីនេះ មានឈ្មោះថា​ «Sound of Switzerland Music» ដោយតន្រ្តីករនីមួយៗ ត្រូវលេងជាមួយនឹងឧបករណ៍បុរាណ មានដើមកំណើត យូរលង់ណាស់មកហើយ ដែលបានរៀបរាប់ពីធម្មជាតិ វប្បធម៌ និងបង្កប់ដោយអត្ថន័យសន្តិភាពជ្រាលជ្រៅ ពីប្រទេសមួយទៅប្រទេសមួយ។

លោក Nakagawa តំណាងក្រុមតន្រ្តី «Tamagawa Alphorn» បានថ្លែងឲ្យដឹងថា ការប្រគំតន្រ្តីនេះ មានឈ្មោះថា «Sound of Switzerland Music» ហើយចំពោះឧបករណ៍ Alphorn គឺជាឧបករណ៍តន្រ្តីបែបបុរាណ របស់ប្រទេសស្វីស ដែលផលិតឡើងពីឈើមានប្រហោងក្នុង មានប្រវែង៣.៤ម៉ែត្រ។ ​វាមានរាងដូចជាត្រែ ហើយក៏មិនមានប៊ុតុង សម្រាប់បញ្ជាសំឡេងដែរ ពោលគឺត្រូវប្រើអារម្មណ៍ ឬដង្ហើម ដើម្បីបញ្ជាវា ទៅតាមចង្វាក់ភ្លេងនីមួយៗ។

លោកបន្តថា ដំបូងឡើយ Alphorn ប្រើតំណាងជាតន្រ្តី ហើយត្រូវបានយកធ្វើជាឧបករណ៍សម្រាប់ទំនាក់ទំនងគ្នា ពេលមានអ្នកឡើងទៅលើភ្នំខ្ពស់ៗ ដោយការស្រែកបំពងសំឡេង ផ្ដល់សញ្ញា តាមរយៈ Alphorn និងបានក្លាយជាឧបរកណ៍តន្រ្តី ដ៏ពិសេសរបស់ជនជា​តិជប៉ុន តាំងពីឆ្នាំ១៩៨៩ មកម្ល៉េះ។

តំណាងក្រុមតន្រ្តី «Tamagawa Alphorn» ដដែលបានបន្ថែមទៀតថា ការមកសម្ដែងនៅក្នុងប្រទេសកម្ពុជា ជាលើកដំបូងនេះ គឺក្រុមរបស់លោកពិតជាសប្បាយរីករាយ ហើយទាំងនេះ គឺធ្វើឡើងក្នុងគោលបំណង រឹតចំណងមិត្តភាព​ រក្សាសន្តិភាព ពីបណ្ដាប្រទេសមួយទៅកាន់ប្រទេសមួយទៀត តាមរយៈតន្រ្តី និងចង់ឲ្យបានស្គាល់ ពីវប្បធម៌រវាងគ្នា និងគ្នាទៅវិញទៅមក ព្រោះតន្រ្តីនាំមកនូវសន្តិភាព និងសេចក្ដីសុខស្ងប់ក្នុងផ្លូវអារម្មណ៍។

សូមបញ្ជាក់ថា ក្រុមតន្រ្តី «Tamagawa Alphorn» គឺជាក្លឹបតន្រ្តីដែលបានសម្ដែងតន្រ្តីរបស់ប្រទេសស្វីស ពេញប្រទេសស្វីស ហើយឧបករណ៍ Alphorn បានផលិតឡើងនាឆ្នាំ១៩៨៩ នៅក្នុងប្រទេសជប៉ុន។ ក្រៅពីប្រគំតន្រ្តីក្នុងស្រុក Alphorn ក៏មានការប្រគំតន្រ្តីថ្នាក់អន្តរជាតិ ដើម្បីផ្សព្វផ្សាយឲ្យទស្សនិកជន បានស្គាល់ពីតន្រ្តីមានកំណើត មកពីប្រទេសស្វីស។ ការប្រគំតន្រ្តីនេះ ត្រូវបានអនុញ្ញាត ឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា ចូលទស្សនាដោយសេរី នៅផ្សារទំនើបអេអនម៉លទី២ ខណ្ឌសែនសុខ ជាន់ផ្ទាល់ដី ចាប់ពីម៉ោង១៖០០នាទីរសៀល ដល់ម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ។

កម្មវិធីប្រគំតន្រ្តីអន្តរជាតិមួយនេះ ត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន Wowdy Company Limited សហការជាមួយនឹងក្រុមហ៊ុន Kids City ហើយមានរយៈពេល២ថ្ងៃ៕