(សៀមរាប)៖​ ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ 4th Angkor Ultra-Trail 2019 រួមមានរត់ចម្ងាយ ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និងរត់ចម្ងាយ ១៦គីឡូម៉ែត្រ បានចាប់ផ្ដើមការប្រកួតហើយ នៅតំបន់អង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែមករានេះ ដោយមានអ្នកចូលរួមប្រមាណជាង ១,០០០នាក់ មកពី ៤២ប្រទេស ដែលមានកំណើនប្រមាណ ៣៥% បើធៀបនឹងឆ្នាំ២០១៨ មានអ្នកចូលរួមត្រឹមជាង ៦០០នាក់ប៉ុណ្ណោះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ក្នុងចំណោមអ្នកចូលរួមទាំងអស់ ប្រជាពលរដ្ឋបារាំងចូលរួមច្រើនជាងគេ ឈរលេខ១ ខណៈពលរដ្ឋកម្ពុជា ឈរលេខ២ និងចិន ឈរលេខរៀងទី៣ ហើយលោកបានចាត់ទុកឆ្នាំនេះ គឺជោគជ័យថ្មីមួយទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងរៀបចំរវាងក្រសួងទេសចរណ៍ សហការជាមួយ NOCC, ក្រុមហ៊ុន Phoenix Voyages ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីអាជ្ញាធរអប្សរា ក៏ដូចជាអាជ្ញាធរខេត្តសៀមរាបជាដើម ។

លោកបន្ដថា «ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន និងគ្រប់ភាគីពាក់ព័ន្ធ ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកត្ដាសន្ដិភាព និងស្ថេរភាពនយោបាយផង បានធ្វើឲ្យព្រឹត្តិការណ៍ Angkor Ultra-Trail ទទួលបានជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំ ដោយទាក់ទាញបាននូវកីឡាករ-កីឡាការិនីអាជីពជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានការចូលរួមពីប្រជាពលរដ្ឋខ្មែរច្រើនផងដែរ ដែលសបញ្ជាក់ឲ្យឃើញនូវភាពរីកចម្រើន និងការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាយ៉ាងពិតប្រាកដ»

ចំពោះកម្មវិធីរត់ប្រណាំងចម្ងាយឆ្ងាយ នៃព្រឹត្តិការណ៍អន្ដរជាតិនេះ សម្រាប់វិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ និងរត់ចម្ងាយ ៦៤គីឡូម៉ែត្រ គឺបានចេញដំណើរ នៅម៉ោង ៤ ទាបភ្លឺ ថ្ងៃទី១៩ ខែមករានេះ នៅទីលានជល់ដំរី គ្រាដែលវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ និងរត់ចម្ងាយ ៣២គីឡូម៉ែត្រ បានចេញដំណើរត្រង់ចំណុចវត្តច័ន្ទគិរី (ហៅភ្នំបូក) ។ បន្ទាប់មកទើបចេញដំណើរវិញ្ញាសារត់ចម្ងាយ ១៦គីឡូម៉ែត្រ នៅទីលានជល់ដំរីវិញ ។ តាមគម្រោងវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ នឹងបញ្ចប់នៅរសៀលថ្ងៃដដែលនេះ ខណៈវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ នឹងបញ្ចប់ខ្ទង់ម៉ោង ៩ព្រឹកថ្ងៃស្អែក ។

គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាទេសចរណ៍ កម្រិតពាក់កណ្ដាលអាជីព និងអាជីព គឺផ្ដោតសំខាន់រួមមានទី១៖ ពង្រីកផែនការពិពិតកម្មកីឡាទេសចរណ៍ ដែលជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដើម្បីទាក់ទាញ និងផ្ដល់ជម្រើសថ្មីៗ ជូនដល់ភ្ញៀវទេសចរណ៍ ។ ទី២៖ ពង្រីកសក្ដានុពលផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ «ឯក» សៀមរាបអង្គរបន្ថែម ។ ទី៣៖ រួមចំណែកផ្សព្វផ្សាយអប់រំ កិច្ចគាំពារបរិស្ថាន «ស្អាត និងបៃតង» ក្នុងតំបន់បេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិសៀមរាបអង្គរ និងទី៤ រួមចំណែកបង្កើនបន្ថែមប្រាក់ចំណូលដល់ផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍ ពិសេសជួយដល់ប្រព័ន្ធមីក្រូសេដ្ឋកិច្ចជាតិផងដែរ ៕