(ថៃ)៖ តារាសម្តែងស្រី ទឹកមុខសិចស៊ី Yaya Urassaya ត្រូវបានគេដឹងថា នាងមានប្រជាប្រិយភាពយ៉ាងខ្លាំង និងក្លាយជាតារាស្រីជួរមុខមួយដួង ក្នុងចំណោមតារាស្រីល្បីៗ ផ្សេងទៀតរបស់ថៃ។ ថ្មីៗនេះ Yaya បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មីម្តងទៀត បន្ទាប់ពី នាងត្រូវបានក្រុមហ៊ុនម៉ាកលំដាប់ពិភពលោក Louis Vuitton (LV) អញ្ជើញឱ្យចូលរួមផ្សព្វផ្សាយពាណិជ្ជកម្ម ជាមួយនឹងតារាល្បីជាច្រើនទៀត មកពីជុំវិញពិភពលោក។

បើតាមការកត់សម្គាល់ ម៉ាកល្បីដែលមានការទទួលស្គាល់ច្រើនពីអតិថិជន គឺ ម៉ាក LV បានរៀបចំម៉ូតផលិតផលថ្មីៗរបស់ខ្លួន សម្រាប់ឆ្នាំ ២០១៩ ជាមួយនឹងការចូលរួមផ្សព្វផ្សាយ ពីសំណាក់ល្បីៗទូទាំងពិភពលោក ចំនួន១៧ នាក់ ក្រៅពីវត្តមាន Yaya តារាសម្តែងរបស់ថៃ គឺមានដូចជា៖ Alicia Vikander, Jennifer Connelly, Chloe Grace Moretz, Sophie Turner, Lea Seydoux, និងតារាជាច្រើនទៀត។

Yaya ផ្ទាល់ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងបណ្តាញសង្គមថា «ខ្ញុំពិតជារំភើបខ្លាំងណាស់ ហើយមិននឹកស្មានថា ខ្លួនឯងក្លាយជាតារាម្នាក់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទេ.... និងអគុណ ដែលបានអញ្ជើញ សម្រាប់បង្ហាញដល់ស្ត្រីទាំងអស់ នូវម៉ូតថ្មី របស់ Louis Vuitton ដែលអាចរកបាននៅក្នុងហាង LV នៅខែឧសភា»

គួរជម្រាប់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាស្រី Yaya Urassaya បានចូលរួម និងសាងភាពល្បីល្បាញ លើឆាកអន្ដរជាតិ តាមរយៈទៅចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតល្បីៗ នៅបណ្ដាប្រទេសនានា៕