(ភ្នំពេញ)៖ តារាសម្តែងស្រី ដែលចេះក្បាច់ល្បុក្កតោ មានមុខមាំប្លែកពីនារីដទៃ គឺកញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្នកំពុងមានប្រជាប្រិយភាពឡើងវិញ ទាំងការសម្តែង និងការងារសង្គមផ្សេងៗ បន្ទាប់ពីតារាស្រីរូបនេះ មានសុខភាពល្អឡើងវិញ។ បើគេនៅចាំមិនភ្លេង កាលពីអំឡុងឆ្នាំ ២០១៧ នាងមានជំងឺបេះដូងធ្ងន់ធ្ងរ ស្ទើរតែធ្វើឱ្យក្រុមគ្រួសារអស់សង្ឃឹមទៅហើយ តែយ៉ាងណា ដោយសារការជួយថ្លៃព្យាបាលទាំងស្រុង ពីតារាជើងចាស់ ខៃ ប្រសិទ្ធ បានធ្វើឱ្យនាងមានពន្លឺជីវិតមកទល់នឹងបច្ចុប្បន្ន។ ទស្សនិកជនចង់ដឹងថា តើនាងនិងតារាជើងចាស់ ខៃ ប្រសិទ្ធ មានទំនាក់ទំនងអ្វីពិសេស បានជាលោកចំណាយលុយច្រើនខ្ទង់ម៉ឺនដុល្លារជួយនាង?

តាមការកត់សម្គាល់ ក្រោយពីទទួលបានសុខភាពល្អប្រសើរឡើងវិញ ពេជ្រ ចរណៃ កំពុងបន្តសកម្មភាពសិល្បៈ ដែលខ្លួនស្រឡាញ់យ៉ាងមមាញឹក ជាពិសេសការសម្តែងភាពយន្ត និងការងារសប្បុរសធម៌ជាដើម។ មិនតែប៉ុណ្ណោះ រាល់កម្មវិធីសិល្បៈតូចធំ គេតែងតែឃើញវត្តមានតារារូបនេះ ចូលរួមជានិច្ចផងដែរ។ ចំណុចដែល ពេជ្រ ចរណៃ ខុសប្លែកពីតារាស្រីដទៃ គឺនាងបានព្យាយាមហាត់រៀន ក្បាច់គុនល្បុក្កតោខ្មែរទាល់តែចប់ ដើម្បីបំពេញបំណងដែលខ្លួនស្រឡាញ់។​

យ៉ាងណាមិញ បើងាកមកចម្ងល់របស់ទស្សនិកជន ពាក់ព័ន្ធនឹង ទំនាងទំនងនាង និងខៃ ប្រសិទ្ធ ពេជ្រ ចរណៃ នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដើម្បីជាការបញ្ជាក់ឱ្យច្បាស់ដល់ទស្សនិកជន។ កម្មវិធីនេះ «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់​ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕