(កូរ៉េ)៖ Yook Sungjae ទំនងជានឹងចូលបម្រើកងទ័ពក្នុងពេលឆាប់ៗខាងមុខនេះ។ តាមច្បាប់ថ្មីរបស់កូរ៉េខាងត្បូងស្តីពីការ បំពេញកាតព្វកិច្ចយោធា តារាប្រុសសមាជិកក្រុម BTOB អាចនឹងត្រូវចូលបម្រើកងទ័ពនៅឆ្នាំ២០១៩ នេះ។

កាលពីមុន មានសេចក្តីរាយការណ៍ថា សញ្ញាបត្របរិញ្ញាបត្ររបស់ Yook Sungjae ត្រូវបានលុបចោលជាផ្លូវការដោយក្រសួងអប់រំកូរ៉េ បន្ទាប់ពីត្រូវគេចាប់បានថា ទទួលលក្ខខណ្ឌពិសេសពីសាកលវិទ្យាល័យ Dongshin ។ តាមច្បាប់បុរសជនជាតិកូរ៉េទាំងអស់ ដែលមានសុខភាពល្អទាំងស្មារតីនិងរាងកាយ គួរតែបម្រើប្រទេសជាតិតាមរយៈការបំពេញកាតព្វកិច្ចយោធា។

មានការកែប្រែអាយុកំណត់ចូលបម្រើកងទ័ពគឺអាយុ២៤ឆ្នាំ (សម្រាប់បុរសបញ្ចប់ការសិក្សានៅវិទ្យាល័យ) អាយុ២៧ឆ្នាំ (សម្រាប់បរិញ្ញាបត្រ) និងអាយុ៣០ឆ្នាំ (សម្រាប់បុរសកូរ៉េដែលមានសញ្ញាបត្រអនុបណ្ឌិត) ប៉ុន្តែដោយសារតែ Yook Sungjae បោះបង់ចោលការសិក្សាថ្នាក់បរិញ្ញាបត្រ ដូច្នេះតារាប្រុសរូបនេះទំនងជាត្រូវបង្ខំឲ្យចូលបម្រើកងទ័ពក្នុងឆ្នាំនេះ។

Yook Sungjae កើតនៅឆ្នាំ១៩៩៥ ហើយនៅខែឧសភាឆ្នាំនេះរូបគេឈានចូលវ័យ២៤ឆ្នាំហើយ។ Cube Entertainment មិនបានចេញ​សេចក្តីថ្លែងការណ៍ណាមួយ​ទាក់ទងនឹងបញ្ហានេះទេ៕