(ភ្នំពេញ)៖ ថ្មីៗនេះ ពិតជាមានការចាប់អារម្មណ៍ខ្លាំង ពីប្រិយមិត្តដែលនិយមតាមដានបណ្តាញសង្គម ជាពិសេសអ្នកចូលចិត្តស្តាប់ចម្រៀងក្នុង Youtube ដោយសង្កេតឃើញថា បទចម្រៀងរបស់លោក សាន ផានិត ដែលមានចំណងជើងថា «ជាប់រវល់» ចេញតាំងពីជាង ១ទស្សវត្សរ៍មុន ត្រូវបានតារាល្បី៤ដួង យកមកច្រៀងឡើងវិញ ជាមួយនឹងរស់ជាតិថ្មី ពិរោះមួយបែបម្នាក់។ ក្នុងនោះ មានដូចជា តារាចម្រៀងប្រុស លោក ខេម, កុមារា ឡុង លីគ័ង្គ, កញ្ញា Khun Leeនិង កញ្ញា​ Kacy Angel។

១. លោក ខេម៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មថោនរូបនេះ ក្រៅពីបញ្ចេញនូវស្នាដៃចម្រៀងផ្ទាល់ខ្លួន ជាហូរហែរមក លោកក៏បាន ជ្រើសរើសបទចម្រៀងរបស់សាន ផានិត បទ «ទូរស័ព្ទប្រាប់ផង» មកច្រៀងឡើងវិញ។ អ្វីដែលពិសេស តាមរយៈការបកស្រាយក្នុងបទទាំងពីរនេះ គឺត្រូវបានគេមើលឃើញថា មានការគាំទ្រយ៉ាងច្រើន ក្នុង Youtube ព្រោះទស្សនិកជន បានរីករាយសន្តាប់ជាមួយនឹងរស់ជាតិសំនៀង ថ្មីមួយបែបទៀត។

២. កុមារា ឡុង លីគ័ង្គ៖ បន្ទាប់ពីបញ្ចប់ការប្រឡង ក្នុងកម្មវិធី «The Voice Kids Cambodia» តារាចម្រៀងវ័យក្មេងក្នុងផលិតកម្មហង្សមាសរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយការបង្ហើរសំនៀងក្នុងចម្រៀងនានា។ បន្ថែមពីនេះ រាល់ការចូលរួមការប្រគុំតន្រ្តីតាមខេត្ត គេសង្កេតឃើញថា លីគ័ង្គ តែងតែច្រៀង បទ «ជប់រវល់» យ៉ាងពិរោះ ធ្វើឱ្យទស្សនិកជនជក់ចិត្តមិនស្ទើរនោះទេ។

៣. កញ្ញា  Khun Lee៖ យុវតីស្រស់ស្អាតរូបនេះ គឺជាតារាហ្វេសប៊ុក និងតារា Youtube ដ៏ល្បី ដែលនិយមតែច្រៀង Cover បទចម្រៀងនានា និងមានអ្នកគាំទ្រ ចូលស្តាប់ចម្រៀងរបស់នាងច្រើន ក្នុងបណ្តាញសង្គម។ ងាកមកការ Cover នូវបទ «ជាប់រវល់» នេះ គឺធ្វើឱ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំង ប្តូររស់ជាតិមួយបែបទៀត ព្រោះជាសំនៀងមនុស្សស្រី មានទឹកដមពិរោះតែម្តង។

៤. កញ្ញា Kacy Angel៖ មិនខុសពី Khun Lee ឡើយ កញ្ញា Kacy ក៏ជាតារាហ្វេសប៊ុកមួយដួង មានសំនៀងពិរោះម្យ៉ាងដែរ ខណៈប៉ុន្មានថ្ងៃនេះ មិនត្រឹមតែតារាខេម, លីគ័ង្គ, Khun Lee ចម្រៀងឡើងវិញ នូវបទ «ជប់រវល់» សូម្បីតែកញ្ញា បានបកស្រាយដែរ គឺពិតជាផ្ទុនៗគ្នាតែម្តង៕