(ក្រុងរ៉ូម)៖ លោក Mattia Binotto ត្រូវបានក្រុមហ៊ុនប្រណាំងរថយន្ត Ferrari តែងតាំងជាប្រធានក្រុមថ្មី ជំនួសលោក Maurizio Arrivabene ដែលត្រូវបានបញ្ឈប់ពីការងារក្នុងវ័យ ៦១ឆ្នាំកាលពីថ្ងៃចន្ទ ទី១៤ ខែកមរា ឆ្នាំ២០១៩ នៅប្រទេសអ៊ីតាលី។

បុរសវ័យ ៤៩ឆ្នាំ សញ្ជាតិស្វីស Binotto បានចូលធ្វើជាអ្នកបច្ចេកទេសក្នុងក្រុម Ferrari កាលឆ្នាំ២០១៦ ហើយនៅពេលនេះត្រូវបានតែងតាំងជាប្រធានក្រុមកីឡាករប្រណាំងរថយន្ត Ferrari ថ្មីក្នុងក្រុមដែលមានឈ្មោះថា Scuderia Ferrari ក្រោយក្រុមហ៊ុននេះបានធ្លាក់ចុះក្នុងការប្រកួតប្រជែងអស់ជាង ១១ឆ្នាំ ខណៈក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន Mercedes ជោគជ័យខ្លាំង។

សម្រាប់ក្រុមហ៊ុនបានប្រើពេលជាយូរក្នុងការពិភាក្សាតែងតាំងលោក Binotto ឲ្យទទួលបន្ទុកជាប្រធានបច្ចេកទេសបន្តពីលោក Arrivabene បន្ទាប់ពីលោកកាន់កាប់ការងានេះអស់រយៈពេល ៤ឆ្នាំ ហើយក្រុមហ៊ុន ក៏បានធ្វើការអរគុណទៅដល់លោក Arrivabene ចំពោះការរួមចំណែកដ៏មានតម្លៃរបស់គាត់ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងក្រុមនាពេលកន្លងមក៕