(ភ្នំពេញ)៖ មិនមែនជាលើកទីមួយនោះទេ ដែលមហាជនបានឃើញ អ្នកមេម៉ាយចាយរាង សុខ សុម៉ាវត្តី និងអតីតស្វាមី លោក ទូច សុខណារ៉ា ហៅពេជ្រ មានទំនាក់ទំនងនឹងគ្នា ក្នុងនាមជាមិត្តភ័ក្ត បន្ទាប់ពីចែកផ្លូវគ្នា ដើររៀងខ្លួន។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរតែងតែស្កាត់ជួបគ្នា ទោះបីជាមានការមមាញឹកក៏ដោយ ដើម្បីឱ្យកូនស្រីជាទីស្រឡាញ់ បានជួបជាមួយនឹងឪពុក ខណៈប៉ុន្មានម៉ោងមុននេះ ទស្សនិកជនឃើញថា អតីតស្វាមី សុខ សោម៉ាវត្តី បានអង្គុយកៀតកិតគ្នាជាមួយនាង និងមានកូនស្រីអង្គុយលើភ្លៅសើចពព្រាយ យ៉ាងសប្បាយរីករាយ។

បើតាមការកត់សម្គាល់ ចំណងស្នេហ៍រវាង សុខ សោម៉ាវត្តី និងអតីតស្វាមី គឺលោក ទូច សុខណារ៉ា ហៅពេជ្រ ទោះបីមិនអាចជានាគ្នាវិញក៏ដោយ តែអ្នកទាំងពីរ បានផ្តល់ភាពកក់ក្តៅដល់កូនស្រី ដែលជាតំណក់ឈាមរួមគ្នាផងដែរ។ ជាមួយគ្នានេះ ភ្ជាប់ជាមួយរូបថតមួយសន្លឹក សុខ សុម៉ាវត្តី បានសរសេរសារថា «ភ្ញៀវកិត្តិយសពិសេស មកលេងដល់កន្លែងថតថ្ងៃនេះ»

ងាកមកទស្សនិកជន ក្រោយបានឃើញសកម្មភាពបែបនេះ ពីសំណាក់តារាស្រីសំដីផ្អែម សុខ សុម៉ាវត្តី និងអតីតស្វាមីហើយនោះ ពួកគេបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ថែមទាំងលើកការកោតសរសើរទៀតផង ថាអ្នកទាំងពីរ ពិតជាគំរូដល់ល្អ ដល់គូស្នេហ៍ដទៃ ដែលបានបែកបាក់គ្នា ព្រោះដើម្បីកូន នៅតែរក្សាទំនាក់ទំនងនឹងគ្នាបានយ៉ាងល្អ ពោលគឺមិនបិទសិទ្ធកូន កុំឱ្យស្គាល់ឪពុក ឬ បិទសិទ្ធឪពុក មិនឱ្យជួបកូនជាដើម។

គួរជម្រាប់ថា សុខ សោម៉ាវត្តី មួយរយៈមកនេះ កំពុងតែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ជាមួយនឹងទំនាក់ទំនង នាង និង កីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ ខណៈអ្នកទាំងពីរ បានបណ្តើរគ្នា សាងភាពផ្អែមល្ហែម យ៉ាងច្រើន​។ ​អ្វីដែលពិសេស គេឃើញថា ទោះមិនសារភាពថា បានបង្កាត់ភ្លើងស្នេហ៍ហ្នឹងគ្នាក្តី តែលោក លី វ៉ាហេទ បានធ្វើឱ្យគ្រប់គ្នាដឹងច្បាស់ តាមរយៈការដាក់ Relationship ជាមួយ សុខ សុម៉ាវត្តី ក្នុងបណ្តាញសង្គម៕