(ភ្នំពេញ)៖ យ៉ាង​ហោចណាស់ មានតារា​​ចម្រៀង,តារា​សម្ដែង ព្រម​ទាំង​ពិធីករ-ពិធីការិនីល្បីៗរបស់កម្ពុជា ប្រមាណជិត​២០​រូប ត្រូវ​បាន​គេ​ធានា​ឲ្យចេញ​ទៅ​ច្រៀង​ និងសម្ដេងនៅ​ប្រទេស​កូរ៉េ​ ដើម្បីអបអរនាឱកាសបុណ្យចូលឆ្នាំចិន ​​ខាង​មុខ​នេះ ហើយក៏ចំ​ពេល​​ដែលប្រទេសកូរ៉េ កំពុង​តែ​ធ្លាក់​ព្រឹល​ទឹក​កក​ (រដូវធ្លាក់ព្រិល) ស្ថិតក្នុងអាកាសធាតុត្រជាក់ខ្លាំងផងដែរ។

តារា​ល្បីៗ ទាំង​នោះ​មាន​ដូច​ជា លោក ខេម, លោក កែវ វាសនា, លោក នី រតនា, លោក ម៉ៅ ហាជី, លោក ពេជ្រ ថាណា, លោក សៅ ឧត្ដម, លោក ថែល ថៃ, កញ្ញា យូរី, កញ្ញា សួស វីហ្សា, កញ្ញា លីនដា, កញ្ញា សុធារ័ត្ន, លោក BMO, លោក ទ្រី សក្ដា, PeyPeydy, លោក ម៉ាដូណា, កញ្ញា សាឡាត់ ស្រីឡាង, កញ្ញា សុភ័ក្រ កុសុម៉ា និង លោក ថូមី ព្រម​ទាំង​ក្រុម​ការងារ​ជិត​១០នាក់​ថែម​ទៀត។ ការធានាឲ្យទៅច្រៀង លក្ខណៈទ្រង់ទ្រាយធំបែបនេះ គឺត្រូវបានធ្វើឡើងពីសំណាក់លោក សុខ សៀង​ឌី ដែល​ជា​តារា​ចម្រៀង​ពលករ​ខ្មែរ​​មួយ​រូប​ និង ដៃគូម្នាក់ទៀត គឺលោក សេងគឹមឡែន ដែលជាដៃគូជំនួញដែលតស៊ូពីពលករ​ដូចគ្នា និង​កំពុង​តែ​ធ្វើ​ការ​​នៅ​ប្រទេស​កូរ៉េ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការ​ប្រគំតន្ត្រី​គ្រោង​ធ្វើ​​រហូត​ដល់​ទៅ​៦ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ ២០១៩ នៅ​ទីតាំង​​២​​តំបន់​ផ្សេង​គ្នា គឺទី១​នៅ​​តំបន់​មាត់សមុទ្រ ប៊ូសាន នៃ​ទី​ក្រុង គឺមហេ-ឆាំងវ៉ុន ក្បែរ​ព្រំប្រទល់​ប្រទេស​ជប៉ុន ​និង​ទី២ ធ្វើ​នៅ​ទីក្រុង​សេអ៊ូលតំបន់ អាន់សាន់-ស៊ូវ៉ុន ដែល​តំបន់​ទាំង​២​​នេះ មាន​ពលករ​ខ្មែរ​ប្រមាណ​ជាង២ម៉ឺន​នាក់​រស់​នៅ និងធ្វើការងារនៅកន្លែងនោះ។

តាម​ការ​បញ្ជាក់​ពី​​​ម្ចាស់បទ «ខ្មាសមិត្តនៅកូរ៉េ» គឺលោក លោក សុខ សៀង​ឌី បានថ្លែងឲ្យដឹងថា គោល​បំណង​នៃ​ការ​ប្រគំតន្រ្តីនេះ ក៏​ព្រោះ​តែ​មាន​ការ​សំណូមពរ ​ពី​បង​ប្អូន​ពលករ​ខ្មែរ​នៅ​ប្រទេសកូរ៉េ ដែល​ធ្វើ​ការ​យ៉ាង​លំបាក បាន​កម្សាន្ត​សប្បាយ​លេង ចង់​ជួប Idol របស់ខ្លួន និង​មួយ​វិញ​ទៀត​ក៏​ដើម្បី ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន «ភូមិ​ឋាន​សួស្ដី» ដែល​ជា​ក្រុម​អចលនទ្រព្យ​របស់​​លោក​ទើប​តែ​បើក​កាល​ពី​ពេល​ថ្មីៗ​នេះ​ ជា​មួយ​​ដៃគូ​ផ្សេង​ទៀត​​ ដែល​ជា​ពលករ​ដូច​គ្នា។

តាមលោក សេង គឹមឡែន ដែលជាដៃ​គូ​ ​លោក សុខ សៀងឌី បានថ្លែង​ឲ្យ​ដឹង​បន្ត​ថា ដោយសារតែ​​បច្ចុប្បន្ន​ពួកលោក ​រវល់​នឹងការងារ​​នៅ​​ប្រទេស​កូរ៉េ ដូច​នេះ​កិច្ច​ការ​ធ្វើ​កុងត្រា​ជា​មួយ​​តារា​ចម្រៀង​ទាំង​​ប៉ុន្មាន​ ដែល​បាន​រៀប​​រាប់​​ខាង​លើ លោក​បាន​ឲ្យ​ដៃគូ នៅ​ស្រុក​ខ្មែរ​​ជា​អ្នក​ជួយ​ធ្វើ​កិច្ច​ការ​​ទាំង​នេះ ហើយ​គិត​មក​ដល់​ពេល​នេះ​ កុងត្រា​បាន​ធ្វើ​រួច​​រាល់​អស់​ហើយ និង​កំពុង​រត់​ការ​ឯកសារ​ដាក់​ចូល​ស្ថាន​​ទូត ដើម្បី​បាន​វីសា​ចេញ​មក។

ដោយសារតែ​មាន​តារា​ចម្រៀង​ចូល​រួម​ច្រើន ហើយ​ការ​ប្រគំតន្ត្រី​មាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ផង​នោះ ដូច​នេះ​ការ​ចំណាយ​ ​និង​ត្រូវ​​ចាយ​ច្រើន​ដូច​គ្នា។ តាម​ការ​ប៉ាន់ប្រមាណ​ លោក សុខ សៀង​ឌី បាន​វាយ​តម្លៃ​ថា ប្រហែល​ជា​ត្រូវ​​ចំណាយ​ខ្ទង់​១០​ម៉ឺន​ដុល្លារ ឯណោះ។

សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក សុខ សៀង​ឌី ជាតារា​ចម្រៀង​ពលករ​​​ខ្មែរ​ម្នាក់ កំពុងល្បីឈ្មោះ សំរាប់បងប្អូន​ពលករ រួម​និង​ក្រុម​របស់​លោក បាន​រៀប​ចំ​ការ​ប្រគំតន្ត្រី​នេះ​ឡើង។ ទោះបី​ជា វាយ​តម្លៃ​លើ​កិច្ច​ការ​ខាង​លើ ​ត្រូវ​ចំណាយ​ច្រើន​ម៉ឺន​ដុល្លារ​ក្ដី តារា​ចម្រៀង​រូប​នេះ ហាក់​មិន​បាន​​បារម្ភ​ឡើយ ប៉ុន្តែ​លោក​បែរជា​សម្ដែង​​ភាព​សប្បាយ​ចិត្ត​ទៅ​វិញ ដែល​ខ្លួន​​​អាច​ធ្វើ​បាន​តាម​ការ​សំណូមពរ​ ពី​បងប្អូន​ពលករ​ខ្មែរ​​នៅ​ទី​នោះ។ លោក សុខ សៀង​ឌី ​ថ្លែង​ថា ប្រសិន​បើ​ការ​ប្រគំតន្ត្រី​​រដូវ​រងា​នេះ​ទទួល​បាន​ជោគជ័យ ​​ក្រុម​លោក និងរៀប​ចំ​ការ​កម្មវិធី​សិល្បៈ​ជា​បន្ត​បន្ទាប់​ទៀត ជា​ពិសេស អាច​និង​ឈាន​ដល់ ការ​បង្កើត​ផលិតកម្ម​មួយ​សម្រាប់​ពលករ​ខ្មែរ ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​​​ផងដែរ៕