(កូរ៉េ)៖ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA 2018 នៅឯទីក្រុងហុងកុង ថ្មីៗនេះ BTS ដែលជាក្រុមតារាប្រុស K-Pop ដ៏ល្បី បានសារភាពទាំងស្រក់ទឹកភ្នែកថា ពួកគេស្ទើរតែរំសាយក្រុមទៅហើយកាលពីដើមឆ្នាំ២០១៨ នេះដោយមិនស្មានថា វាប្រែក្លាយជាឆ្នាំដ៏ជោគជ័យបំផុតសម្រាប់ពួកគេឡើយ។ កាលពីថ្ងៃទី១៤ ខែធ្នូ BTS បានទទួលពានរង្វាន់ MAMA ជាច្រើនគឺ "Album of the Year" និង "Artist of the Year" ។ នៅពេលដែល BTS ត្រូវបានប្រកាសថា ជាក្រុមសិល្បករ ឆ្នើមប្រចាំឆ្នាំនេះធ្វើឲ្យសមាជិកម្នាក់ៗរំភើបចិត្តជាខ្លាំងក្រោមសម្លេងហ៊ោកញ្ជ្រៀវពីទស្សនិកជនដែលជាអ្នកគាំទ្រធ្វើឲ្យ J-Hope Jimin V និង Suga ឡើងបង្ហាញចំណាប់អារម្មណ៍នៃការដឹងគុណចំពោះមនុស្សជាច្រើនដែលជួយពួកគេឲ្យ ទទួលបានជោគជ័យដ៏ធំនៅថ្ងៃនេះ។

Jin ជាសមាជិកចុងក្រោយដែលធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តខ្លាំងជាមួយនឹងសម្លេង សារភាពថា BTS វិះតែនឹងរំសាយនាដើមឆ្នាំនេះទៅហើយដោយសារតែការលំបាកដែលខ្លួនជួបប្រទះនៅពេលនោះ។ សមាជិកក្រុមបានពិភាក្សាគ្នា ប៉ុន្តែម្នាក់ៗបានសម្រេចចិត្តបន្តដំណើរទៅមុខទៀត។ តារាប្រុសរូបនេះបានអរគុណទៅដល់ ARMY ចំពោះក្ដីស្រឡាញ់និងការគាំទ្រដ៏ស្មោះត្រង់របស់ពួកគេព្រមទាំងសមាជិកក្រុមដែលបានសម្រេចចិត្តបន្ត ដំណើរជាមួយគ្នាទៀតរហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅថ្ងៃនេះ៕