(ក្រុងតូរីន)៖ ការទាត់បាល់ប៉េណាល់ទីបានសម្រេច១គ្រាប់នៅនាទីទី៧០ របស់កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo ពេលយកឈ្នះម្ចាស់ផ្ទះ Turino ១-០ បានធ្វើឲ្យក្រុមការពារតំណែងជើងឯក សេះបង្កង់ Juventus បន្តលេងមិនចាញ់ ១៦ប្រកួត និងនាំមុខកំពូលតារាងនៃក្របខណ្ឌកំពូលអ៊ីតាលី Serie A ដដែល។

នេះជាគ្រាប់បាល់ទី១២ផងដែររបស់កីឡាករវ័យ ៣៣ឆ្នាំ Ronaldo បន្ទាប់ពីរូបគេចាកចេញពីក្លឹបអេស្ប៉ាញ Real Madrid កាលពីខែកក្កដា ក្នុងតម្លៃខ្លួន ៩៩.៦លានផោនមកកាន់ទីក្រុងតូរីន នៃប្រទេសអ៊ីតាលីវិញ។

៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យសេះបង្កង់រកបាន ៤៦ពិន្ទុនាំមុខកំពូលតារាងដាច់ ៨ពិន្ទុ ខណៈក្រុមលេខ២ Napoli ទើបរកបាន ៣៨ពិន្ទុគិតត្រឹមសប្តាហ៍ទី១៦ ជើងទី១នេះ៕