(ភ្នំពេញ)៖ ក្លឹបបាល់ទាត់វិសាខា បានធ្វើការបង្ហាញសមាសភាពកីឡាករចាស់-ថ្មី ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ ជាផ្លូវការហើយ ក្នុងនោះមានកីឡាករភ្នំពេញក្រោនចំនួន ៥នាក់ឯណោះ រួមមានកីឡាករខ្សែប្រយុទ្ធ ស៊ិន កក្កដា, អ៊ិន សុដាវីត និងខ្សែការពារ អ៊ុក សុវណ្ណ, គឹម ឆៃយ៉ា និង កែន ចាន់សុភ័ក្ដ។

ការបង្ហាញសមាសភាពកីឡាករត្រៀមរដូវកាលថ្មីនេះ បានធ្វើឡើងនៅសណ្ឋាគារ ហួង សាន កាលពីយប់មិញ ក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំងវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាថ្នាក់ដឹកនជាច្រើនទៀតផងដែរ។

សម្រាប់កីឡាករត្រូវបានក្លឹបវិសាខាបង្ហាញក្នុងកម្មវិធីខាងលើ គឺមានសមាជិកសរុបចំនួន ២៧នាក់ តែអ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំង ចំពោះវត្តមានរបស់កីឡាករភ្នំពេញក្រោនទាំង ៥រូបខាងលើ ដែលលេចមុខជាមួយក្រុមលេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ស្របពេលកាលពីពេលថ្មីៗ ល្បីមានកីឡាករតែ ៣រូបប៉ុណ្ណោះ ដែលត្រូវបានផ្ទេរមកកាន់ក្លឹបវិសាខា រួមមាន ស៊ិន កក្កដា, អ៊ិន សុដាវីត និង គឹម ឆៃយ៉ា។

យ៉ាងណាមិញក្រៅពីអតីតកីឡាករភ្នំពេញក្រោន ដែលទើបបង្ហាញវត្តមានផ្លូវការ ក្លឹបវិសាខា នៅមិនទាន់បង្ហាញសមាសភាពកីឡាករបរទេស ដើម្បីត្រៀមលីគរដូវកាលថ្មីនោះទេ ខណៈអ្នកគាំទ្ររបស់ខ្លួន កំពុងជជីកសួរជាច្រើន លើបណ្ដាញសង្គម។ ប៉ុន្ដែបើផ្អែកលើធនធានកីឡាករមានស្រាប់នាពេលបច្ចុប្បន្នវិញ វិសាខា គឺជាក្រុមមួយគួរឲ្យព្រួយបារម្ភបំផុត សម្រាប់ក្រុមដទៃ ក្នុងការប្រកួតរដូវកាលថ្មីឆ្នាំ២០១៩ខាងមុខ៕