(ភ្នំពេញ)៖ អីយ៉ាស់! មានសង្ឃឹមវិញហើយ សម្រាប់អ្នកនិយមលេងបាល់ទាត់នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង ពេលនេះក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតគណៈកម្មការ ដើម្បីចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាទីលាន នៃកីឡដ្ឋានបាល់ទាត់ខេត្តកំពង់ឆ្នាំងហើយ ក្រោយត្រូវរដ្ឋបាលខេត្ត ប្រកាសបញ្ឈប់មិនឲ្យមានការប្រកួតបាល់ទាត់ ឬការហ្វឹកហាត់ ឬការលេងកម្សាន្ដ ដើម្បីសុខភាពជាដើម។

រយៈពេលជាង ១សប្ដាហ៍មកហើយដែលរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់លោក ឈូរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានប្រកាសបិទកីឡដ្ឋានខេត្ត មិនឲ្យមានសកម្មភាពបាល់ទាត់ផ្សេងៗដោយសំអាងលើហេតុផល ២យ៉ាង ទី១-ដើម្បីបង្ការ និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងទី២-ជៀសវាងការរំខានដល់អង្គភាពនៅជុំវិញកីឡដ្ឋាន ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ។ ប៉ុន្ដែការសម្រេចនេះ មិនទទួលបានការគាំទ្រពីមហាជននោះទេ។

ផ្ទុយទៅវិញមហាជនភាគច្រើន បានធ្វើការរិះគន់យ៉ាងចាស់ដៃ ដោយសារកីឡដ្ឋានខេត្ត គឺជាកន្លែងសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ធ្វើការហាត់ប្រាណ និងលេងកីឡា ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលលើកកម្ពស់ប្រជាពលរដ្ឋឲ្យចូលរួមលេងកីឡា។ មិនតែប៉ុណ្ណោះ សម្រេចក៏បានអំពាវនាវអាជ្ញាធរគ្រប់ខេត្ត ត្រូវរៀបចំកន្លែងសាធារណៈ និងទីធ្លារសម្រាប់លេងកីឡា និងហាត់ប្រាណដល់ប្រជាពលរដ្ឋទៀតផង។

ប៉ុន្ដែយ៉ាងណាពេលនេះ ប្រជាពលរដ្ឋ កំពុងចាំអ៊ុតដំណោះស្រាយរបស់ក្រសួងអប់រំ ដែលទើបបង្កើតគណៈកម្មការចុះត្រួតពិនិត្យ និងដោះស្រាយ ដែលដឹកនាំដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ប្រជាពលរដ្ឋភាគច្រើន សង្ឃឹមយ៉ាងមុតមាំថា ក្រោយមានការអន្ដរាគមន៍ពីក្រសួងអប់រំ កីឡដ្ឋានខេត្តនេះ នឹងត្រឡប់សភាពដើមវិញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការហាត់ប្រាណ និងការលេងកីឡារបស់យុវជន។ មួយវិញទៀត បើរដ្ឋបាលខេត្តខ្លះប៉ះពាល់ដូច្នោះមែន អាជ្ញាធរខេត្ដ ក៏អាចប្រើប្រាស់របាំងការពារក៏បាន មិនមែនដំណោះស្រាយ ទាល់តែបិទកីឡដ្ឋាននោះទេ៕