(បាសេឡូណា)៖ ក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur របស់អង់គ្លេស បានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League បញ្ចប់វគ្គសន្សំពិន្ទុនៃពូល B បន្ទាប់ពីប្រកួតស្មើគ្នាទល់នឹងម្ចាស់ផ្ទះ FC Barcelona ១-១ យប់មិញនេះ។

១គ្រាប់របស់កីឡាករខ្សែប្រយុទ្ធជួរមុខ Lucas Moura នៅនាទីទី៨៥ ចុងម៉ោងបានជួយឲ្យ Spurs ឆក់យក១ពិន្ទុមកវិញ ខណៈក្រុមអ៊ីតាលី Inter Milan ដែលត្រូវការឈ្នះដាច់ខាត រកបានត្រឹម១ពិន្ទុដែរពេលលេងស្មើ ទល់នឹងក្រុមមកពីហូឡង់ PSV Eindhoven ក្នុងលទ្ធផល ១-១ ដូចគ្នា រកបាន៨ពិន្ទុស្មើគ្នា តែចាញ់គ្រាប់បាល់ចំណេញ Spurs។

Barcelona បានដឹកដៃ Tottenham Hotspur ឡើងទៅវគ្គ ១៦ក្រុមនៃ Champions League ស្របពេល Inter Milan បានត្រឹមលេខ៣ ធ្លាក់ទៅលេងក្នុងពានលំដាប់ទី២ អឺរ៉ុបវិញ UEFA Europa League។

ក្រុមអង់គ្លេសទាំង៤ក្រុមមានដូចជា Tottenham Hotspur, Liverpool, Manchester City និង Manchester United សុទ្ធតែបានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល និងឈ្នះកៅអីម្នាក់១ដូចគ្នា ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដែលគ្រោងចាប់ផ្តើមជ្រើសរើសគូប្រកួតនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះហើយ មុពេលប្រកួតជើងទី១ នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩៕